ពលរដ្ឋ​ជាង​៥០០​នាក់ លើក​គ្នា​មក​តវ៉ា​សុំ​អន្តរាគមន៍ នៅ​មុខ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ក្រោយ​ចាញ់​បោកប្រាក់​លើ​ក្រុម​ហ៊ុន EBC

រាជធានី​ភ្នំពេញ​៖ ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ៗ​ទាំង ២៥​បាន​លើក​គ្នា​មក​ធ្វើការ​ប្រមូល​ផ្តុំ​នៅ​មុខ​អាគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី ០៨ ខែ​ឧសភា​ឆ្នាំ​២០១៧​ដើម្បី​ទាម​ទារ​សុំ​អោយ​ជួយ​អន្តរាគមន៍​បញ្ហា​ពួក​គាត់​ចាញ់​បោក​ក្រុម​ហ៊ុន​ឯក​ជន​ឈ្មោះ​ថា​EBC​ដែល​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ស្ទើរ​ចូល​លាន​ដុល្លារ ។

IMG-20170508-WA0072

ក្រុម​ពលរដ្ឋ​តវ៉ា​ខាង​លើ បាន​រៀប​រាប់​អោយ​ដឹង​ថា ពួក​គាត់​បាន​ចាញ់​បោក​ក្រុមហ៊ុន EBC ជាង​១​ឆ្នាំ​កន្លង​មក ហើយ​ដោយ​ក្រុម​ហ៊ុន​បាន​បោក​លុយ ហើយ​បិទ​ទ្វារ​ទី​តាំង​រត់​គេច​បាត់​ស្រមោល ។ ដែល​ទី​តាំង​ធំ ស្ថិត​នៅ សង្កាត់​បឹង​សា​ឡាង​ ខណ្ឌ​ទួល​គោក ។ ក្រុម​ហ៊ុន​ឯក​ជន​នេះ មាន​មេ​ដឹក​នាំ​ធំ​ៗ​៣​នាក់​ឈរ​នៅ​ពី​ក្រោយ ដែល​២​នាក់​ជា​ជន​ជាតិ​ខ្មែរ និង ម្នាក់​ទៀត​ជា​ជន​ជាតិ​ម៉ា​ឡេ​ស៊ី ។

IMG-20170508-WA0071

ក្រោយ​ការ​បោក​ប្រាស់​ប្រាក់​របស់​ពល​រដ្ឋ​តាម បណ្តា​ខេត្ត និង​ក្រុង​ក្នុង​ប្រទេស​រួច​មក ជន​ទាំង​៣​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ ដែល​ទំហំ​ទឹក​ប្រាក់ នៃ​ការ​ចាញ់​បោក​ក្រុម​ហ៊ុន​មួយ​នេះ មាន​ចំនួន​រហូត​ជិត​ខ្ទង់​លាន​ដុល្លារ​ឯណោះ ។

IMG-20170508-WA0069

ក្រុម​ពលរដ្ឋ​បាន​បន្ត​ថា ដំបូង​ឡើយ​ក្រុម​ហ៊ុន តម្រូវ​អោយ​ដាក់​ប្រាក់​តម្កល់​ចំនួន ២០០០​ដុល្លារ​អាមេរិច ជា​ថ្នូរ​នៃ ការ​ទទួល​បាន​ប្រាក់​លាភ ក្នុង​១​ខែ​២០០​ដុល្លារ​សង​មក​វិញ ។

IMG-20170508-WA0066

ដោយ​មាន​ការ​សម្លឹង​ឃើញ នូវ​ប្រាក់​លាភ​បន្តិច​បន្តួច​នេះ ក្រុម​ពលរដ្ឋ​បាន​នាំ​គ្នា យក​ប្រាក់​មក​ដាក់​កាន់​តែ​ច្រើន​ឡើង​ៗ រហូត​មាន​អ្នក​ខ្លះ​ដាក់​ប្រាក់​តម្កល់ រហូត​ខ្ទង់​ម៉ឺន​ដុល្លារ ដើម្បី​ចង់​ទទួល​បាន​ប្រាក់​លាភ​កាន់​តែ​ច្រើន​ឡើង​ៗ ។

IMG-20170508-WA0065

ប្រជា​ពលរដ្ឋ បាន​សម្តែង​នូវ​ទឹក​ចិត្ត​សោក​ស្តាយ​ចំពោះ​សាច់​ប្រាក់​ដែល​ចាញ់​បោក​ក្រុម​ហ៊ុន ព្រោះ​ថវិការ​ទាំង នោះ​អ្នក​ខ្លះ​ខំ​ប្រឹង​ប្រែង​រក​ទម្រាំ​សល់​បន្តិច​បន្តួច​ហ្នឹង ចំណែក​អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​យក​ប្លង់​ផ្ទះ ប្លង់​ដី ឬ​អចលន​ទ្រព្យ​មាន​តម្លៃ​ផ្សេងៗ យក​ទៅ​បញ្ចាំ​នៅ​ធនាគារ ដើម្បី​យក​ប្រាក់​មក​តម្កល់​នៅ​ក្រុម​ហ៊ុន ជា​ថ្នូរ​នឹង​ប្រាក់​លាភ ប៉ុន្តែ​ទើប​តែ​ទទួល​បាន​ប្រាក់​លាភ​បាន​២ ទៅ​៣​ខែ​សោះ បែរ​ជា​ក្រុម​ហ៊ុន​បិទ​ទ្វារ​រត់​ចោល​បែប​នេះ​តែ​ម្តង ។

IMG-20170508-WA0073

សូម​បញ្ជាក់​ថា ចំពោះ​ការ​តម្កល់​ប្រាក់​នៅ​ក្រុម​ហ៊ុន EBC ខាង​លើ គឺ​ក្រុម​ហ៊ុន​តម្រូវ​អោយ​ពល​រដ្ឋ តម្កល់​ប្រាក់ ចំនួន​១៨​ខែ ទើប​មាន​សិទ្ធិ​ដក​ប្រាក់​ដើម​របស់​ខ្លួន​វិញ​បាន ។ ក្នុង​នោះ​ប្រសិន​បើ​មិន​ទាន់​ដល់​កាល​បរិច្ឆេត កំណត់​ពល​រដ្ឋ​បាន​ត្រឹម​តែ​ទទួល​ប្រាក់​លាភ​តែ​បាន​កំណត់​គឺ ១០​ភាគ​រយ នៃ​ប្រាក់​ដើម​ដែល​បាន​តម្កល់ ។

IMG-20170508-WA0067

សូម​បញ្ជាក់​ថា​​នៅ​ព្រឹក​ថ្ងៃ​ខែ​ដ​ដែល មន្ត្រី នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​មក​ទទួល​ពាក្យ បណ្តឹង​របស់​បង​ប្អូន​ពល​រដ្ឋ ដែល​យក​មក​ដាក់​ជូន​ស្នើរ​តាម​រក​ជន​ល្មើស​ដែល​បោក​ប្រាស់​ទាំង​៣​នាក់ យក​មក ផ្តន្ទា​ទោស និង​ជួយ​តម្រូវ​អោយ​បុគ្គល​នោះ សង​ប្រាក់​កាស​ដែល​បាន​បោក​ប្រាស់ មក​កាន់​ពួក​គាត់​វិញ​អោយ​បាន គ្រប់​ចំនួន​ផង​ដែរ ។ ជន​ទាំង​៣​នាក់​មាន​ឈ្មោះ ទី១. សន តាន់ ជា​ជន​ជាតិ​ម៉ា​ឡេ​ស៊ី , ទី​២​ឈ្មោះ​ជី ហ្គោសាលី ជា​ជន​ជាតិ​ខ្មែរ​ឥស្លាម និង​ទី​៣​ឈ្មោះ ហួត សុវណ្ណ ជា​ជន​ជាតិ​ខ្មែរ អ្នក​ទាំង​៣​ជា​មេ​ក្រុម​ហ៊ុន ។

20170508_094924

ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ ទទួល​ពាក្យ​បណ្តឹង​ហើយ​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ដ​ដែល ក្រុម​ពល​រដ្ឋ​បាន​បន្ត លើក​គ្នា យក​ពាក្យ​បណ្តឹង ទៅ​ដាក់​នៅ​រដ្ឋ​សភា​ជាតិ និង ក្រសួង​យុត្តិ​ធម៌ បន្ថែម​ទៀត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់ ។

20170508_094830

គួរ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ខាង​លើ​នេះ បាន​រំលាយ​ខ្លួន​ឯង​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ ដោយ​បាន​យក​ប្រាក់​របស់​ពល​រដ្ឋ ជា​ច្រើន​រយ​គ្រួសារ​តាម​បណ្តា​ខេត្ត​រាជធានី ក្នុង​ប្រទេស រត់​គេច​បាត់​ស្រមោល ដែល​មាន​ទំហំ​សាច់​ប្រាក់​សរុប​គឺ ក្បែរ​ខ្ទង់​លាន​ដុល្លារ ។

20170508_094753

គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​អាជ្ញាធរ​ពាក់​ព័ន្ធ​និង​តុលាការ​ក្រុង​ភ្នំពេញ​ចាត់​ការ​លើ​បុគ្គល​ដែល​ឆ​បោក​ប្រាក់​ប្រជា​ពល​រដ្ឋ​ខាង​លើ​យក​មក​ផ្តន្ទា​ទោស​បាន​តាម​ច្បាប់​ឬ​យ៉ាង​ណា​ឡើយ។​កន្លង​មក​សម្តេច​តេ​ជោ​ ហ៊ុន សែន ធ្លាប់​ដាក់​បទ​បញ្ជា​ទៅ​ក្រសួង​មហា​ផ្ទៃ​ឲ្យ​តាម​ចាប់​ខ្លួន​ក្រុម​ជន​បោក​ប្រាស់​ពលរដ្ឋ​ខាង​លើ​ឲ្យ​យក​លុយ​សង​ប្រជា​ពល​រដ្ឋ​វិញ​ភ្លាម។​តែ​វិធាន​ការ​នេះ​ស្ងាត់​រហូត​ដោយ​មិន​ដឹង​មូល​ហេតុ​ឡើយ៕

20170508_094805