ឃាត់ខ្លួន​មន្ត្រី​កង​អង្គរក្ស​ម្នាក់ ករណី​ប៉ុនប៉ង​បាញ់​សម្លាប់​មនុស្ស តាម​ទី​សាធារណៈ

ខេត្តកណ្តាល ៖ ជន​សង្ស័យ ជា​មន្ត្រី​កង​អង្គរក្ស​ម្នាក់ ត្រូវ​បានកម្លាំង​កង​រាជអាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចាប់​ឃាត់ខ្លួន​បាន​នៅ​ចំណុច ផ្លូវជាតិលេខ២ កែង​នឹង​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ កាល​ពី​វេលា​ម៉ោង ១៦ និង ០០​នាទី​ល្ងាច ថ្ងៃទី ១ ខែឧសភា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​លើក​កាំភ្លើង​ខ្លី​ភ្ជង់​ជន​រងគ្រោះ​ម្នាក់ គំរាម​បាញ់​សម្លាប់​ចោល​។​

ជន​សង្ស័យ​មាន​ឈ្មោះ កែវ ម៉ូវ ពាក់​សក្តិ​៤​កន្លះ កំឡុង​ពេល​ឃាត់ខ្លួន មាន​ស្លៀក​ឯកសណ្ឋាន ជា​មន្ត្រី​កង​អង្គរក្ស និង​មាន​ឯកសណ្ឋាន​មួយ​ឈុត​ផ្សេងទៀត​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន​ម៉ាក កាមរីបាឡែន ពណ៌​ស្ករ ពាក់​ស្លាកលេខ ភ្នំពេញ 2M-0115។

មន្ត្រី​អាវុធហត្ថ មិន​បាន​បញ្ជាក់​អ្វី​ច្រើន​នោះ​ទេ​កំឡុង​ពេល​ឃាត់ខ្លួន​ជន​សង្ស័យ​នៅ​លើ​ផ្លូវ ដោយ​បញ្ជាក់​ខ្លី​ថា ជន​សង្ស័យ​បាន​ប្រើ​កាំភ្លើងខ្លី​គំរាម​បាញ់​សម្លាប់​មនុស្ស ហើយ​ព្យាយាម​បើក​រត់​គេចខ្លួន តាំង​ពីស្រុកកណ្តាលស្ទឹង រហូត​មក​ដល់​ចំណុច​ខាងលើ ​ដោយ​មាន​ការសហការ​យ៉ាង​ល្អ​ពី​កម្លាំង​នគរបាល​ខណ្ឌដង្កោរ ទើប​ឃាត់ខ្លួន​បាន តែ​ម្តង។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់ កំឡុង​ពេល​ឃាត់ខ្លួន សមត្ថកិច្ច រួមទាំង​កម្លាំង​អាវុធហត្ថ មិន​បាន​រកឃើញ កាំភ្លើង​នៅ​ក្នុង​រថយន្ត​ជន​សង្ស័យ​ឡើយ ប្រទះ​ឃើញ​តែ​ស្រោម​កាំភ្លើង​ខ្លី​ប៉ុណ្ណោះ។​

ក្រោយ​ការ​ឃាត់ខ្លួន ជន​សង្ស័យ រួម​ជាមួយ​រថយន្ត​ផ្ទាល់ខ្លួន ត្រូវ​ឃាត់​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកកណ្តាលស្ទឹង រង់ចាំ​បន្ត​នីតិវិធី។ ក្នុង​នោះ​ដែរ កម្លាំង​អាវុធហត្ថ​មិន​បញ្ជាក់ព័ត៌មាន​អ្វី​ច្រើន​ឡើយ ដោយ​ប្រាប់​អ្នកព័ត៌មាន​ថា បើ​បងប្អូន​ចង់ដឹង​ច្បាស់ សូម​រង់ចាំ​កម្លាំង​របស់​ពួកគាត់​ធ្វើ​ការ​សាកសួរ នាំ​លើ​ជន​ល្មើស​សិន នឹង​​បញ្ជាក់​ជូន​នៅ​ពេល​ក្រោយ នៅ​ទី​បញ្ជា​ការដ្ឋាន ស្រុកកណ្តាលស្ទឹង ហើយ​សូម​អញ្ចើញ​ទៅ​យក​ព័ត៌មាន លំអិត​នៅ​ទី​នោះ​តាម​ការ​គួរ​ចុះ៕

IMG_20170501_202042
IMG_20170501_202354
IMG_20170501_202001
IMG_20170501_202433
IMG_20170501_202254
IMG_20170501_202120
IMG_20170501_202209
IMG_20170501_202806
IMG_20170501_202527
IMG_20170501_202703