សមត្ថកិច្ច​ចាប់​បាន​មុខ​សញ្ញា​ចោរ​ឆក់​យ៉ាង​សកម្ម​ម្នាក់

ភ្នំពេញ: ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បើក​តាម​ពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយ​បាន​សម្រេច​តែ​ត្រូវ​នារី​រងគ្រោះ​ស្រែក​ឆោ​ឡោ​ចាប់​ខ្លួន​បាន​ម្នាក់។

ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៨​ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៩៥ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន។

នារី​រង​គ្រោះ​​មាន​ឈ្មោះ រី សុភ័ក្រ អាយុ២៣ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោចំពោះ​សម្ភារ​ដែល​បាត់​បង់​ទៅ​រួម​មាន ទូរសព្ទ​ដៃ​ម៉ាក IPhone6 មួយ​គ្រឿង និង​លុយ​៨​ដុល្លារ។

ចំណែក​ជន​សង្ស័យ​មាន​ឈ្មោះ ឆាម សុផាណែត អាយុ​១៩​ឆ្នាំ ស្នាក់​នៅ ម្តុំ​បុប្ផា​ជាយ​ដែន​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន។

យោង​តាម​សម្តី​របស់​នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រូប​នាង​ទើប​នឹង​មក​ពី​ជួប​ជុំ​ជា​មួយ​មិត្ត​ភក្តិ។ លុះ​ជិត​ដល់​ម៉ោង​កើត​ហេតុ​ រូប​នាងបាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក Zoomer-X ពាក់​ស្លាក​លេខ ភ្នំពេញ 1FN -3165 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៩៥​ក៏​មាន​ជន​សង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង រួម​មាន​ម៉ាក ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1FB-4209 ជិះ​គ្នា​២​នាក់ និង​១​គ្រឿង​ទៀត ម៉ាក អាយ​ខុន ពណ៌​ខ្មៅ​លាយ ក្រហម ពាក់​ស្លាក​លេខ 1AC-3808 ជិះ​ម្នាក់​ឯង ជា​អ្នក​បិទគូថបាន​តាម​នាង​ពី​ក្រោយ​មក​ធ្វើ​សកម្មភាព​លូក​ដៃ​ឆក់​កាបូប​ដែល​នាង​ស្ពាយ​នៅ​នឹង​ខ្លួន បណ្តាល​ឲ្យ​រូប​នាង​ដួល​ម៉ូតូ​យ៉ាង​ច្រញ៉ាប់​ច្រញឹល​រង​របួស​រលាត់​ដៃ​រលាត់​ជើង ហើយ​នាង​បាន​ស្រែក​ឆោ​ឡោ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​តែ​ម្តង។

ដោយ​ជន​សង្ស័យ​ភ័យ​នឹង​គេ​ដេញ​តាម​ពី​ក្រោយ​ក៏​ជិះ​ម៉ូតូ​លឿន​ធ្លាក់​ជង្ហុក​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទាំង​២​គ្រឿង​របស់​ជន​សង្ស័យ បន្ទាប់​មក​ជន​សង្ស័យ​២​នាក់​ដែល​ជិះ​ម៉ូតូ​ស្មាស់វី បាន​ប្រញាប់​ងើប​រត់​យក​ទាំង​កាបូប​របស់​នារី​រងគ្រោះ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ចំណែក​ជន​សង្ស័យ​ដែល​ជា​អ្នក​បិទគូថ​វិញ​ដួល​ងើប​មិន​ទាន់ រួច​ក៏​ត្រូវ​ប្រជា​ពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ស្វាគមន៍​យ៉ាង​ចាស់​ដៃ ទើប​ហៅ​សមត្ថកិច្ច​មក​នាំ​ខ្លួន​មក​ទៅ​ប៉ុស្តិ៍​បឹង​ត្របែក​សួរ​នាំ រួម​នឹង​ម៉ូតូ​២​គ្រឿង​របស់​ជន​សង្ស័យ​ដែល​ដួល​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ផង​ដែរ​។

បច្ចុប្បន្ន​នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​នគរបាល​ប៉ុស្ដិ៍​បឹង​ត្របែក​និង​សាក​សួរ​ជន​សង្ស័យ​ដើម្បី​តាម​ចាប់​ខ្លួន​បក្ស​ពួក​មក​ចាត់​ការ​តាម​និតីវិធី៕

20170428_233052
IMG_20170429_09552420170428_233042
20170428_233050
20170428_231947
20170428_231939
20170428_233516