ជិះ​ម៉ូតូ​ទៅ​ប៉ះ​ជា​មួយ​រថយន្ត​បណ្ដាល​ឲ្យ​ដួល ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ពី​ក្រោយ​កិន​បន្ថែម​រង​ការ​ខូច​ខាត

ភ្នំពេញ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅប៉ះ​ដៃ​ចង្កូត​ជា​រថយន្ត​បណ្ដាល​ឲ្យ​ដួល ហើយ​ត្រូវ​រថយន្ត​កុង​តឺន័រ​គ្រឿង​ទៀត​មក​ពី​ក្រោយ​កិន​ជាប់​នៅ​ពី​ក្រោម​រថយន្ត​រង​ការ​ខូច​ខាត សំណាង​ល្អ​មិន​គ្រោះ​ថ្នាក់​ដល់​មនុស្ស ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​មុខ​សាលា​ប៊ែល​ធី ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គឺ មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម ស៊េរី​២០​១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BV.2698 ហើយ​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ផង​នោះ ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ដៃ​ចង្កូត​ជា​មួយ​រថយន្ត​ដែល​បើក​ស្រប​គ្នា​បណ្ដាល​ឲ្យ​ដួល ស្រប​ពេល​នេះ​ដែរ​ក៏​មាន​រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​ទៀត​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.​27​53 បាន​បើក​មក​ពី​ក្រោយ​ហើយ​ចាប់​ហ្វាំង​មិន​ទាន់ ក៏​បាន​កិន​ម៉ូតូ​រង​គ្រោះ​បណ្ដាល​ឲ្យ​គៀប​ជាប់​នៅ​ពី​ក្រោម​រថយន្ត រង​ការ​ខូច​ខាត​យ៉ាង​​ដំណំ សំណាង​ល្អ​ម្ចាស់​ម៉ូតូ​បាន​ខ្ទៀត​ចេញ​ពី​ម៉ូតូ​រង​របួស​ស្រាល ដោយ​មិន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​មនុស្ស​ឡើយ ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍ស្ទឹង​មាន​ជ័យ​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​និង​បាន​សម្រប​សម្រួល​ចរាចរណ៍​នៅ​កន្លែង​កើត​ហេតុ​កុំឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​មាន​ការ​កក់​ស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទី​នោះ។

បន្ទាប់​មក​ភាគី​ខាង​រថយន្ត​កុងតឺន័រ បាន​ព្រម​សង​ថ្លៃ​ខូច​ខាត​ទាំង​អស់​ទៅ​លើ​ម្ចាស់​ម៉ូតូ ដើម្បី​បញ្ចប់​រឿង​នៅ​និង​កន្លែង​កើត​ហេតុ៕

IMG-20170429-WA0010k
IMG-20170429-WA0012
IMG-20170429-WA0011