ធ្វើល្អមិនសាបសូន្យ! រើសបានលុយ១០ម៉ឺនដុល្លារជូនម្ចាស់វិញ
|រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៧ វេលាម៉ោង៨និង២០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង តាមបណ្តោយផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បុរសម្នាក់ជិះម៉ូតូជែងរថយន្តមួយគ្រឿងជ្រុលទៅបុករ៉ឺម៉កម៉ូតូបណ្តាលឲ្យដួលបែកក្បាល និងជ្រុះថង់លុយចំនួន១០ម៉ឺុនដុល្លារនៅកណ្តាលផ្លូវត្រូវអ្នកឈរមើលហេតុ ការណ៍រើសបានហើយទុកប្រគល់ជូនវិញ។
យោងតាមសាក្សីពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ ថ 9733 ភព១ បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែកឯរ៉ឺម៉កម៉ូតូបើកបរក្នុងទិសដៅច្រាសទិសគ្នាពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុអ្នកបើកម៉ូតូហុងដាឌ្រីមបើកបរទាំងមានជាតិស្រវឹង ហើយជិះលឿនបានជិះជែងរថយន្តមួយគ្រឿងដែលនៅខាងមុខ ខណៈបើកជែងរថយន្តមិនផុតក៏ជ្រុលទៅបុកនឹងរ៉ឺម៉កម៉ូតូចំហៀងខាងឆ្វេងបណ្ដាលឱ្យអ្នកបើករ៉ឺម៉កម៉ូតូរបួសរយះជើងខាងឆ្វេង ចំណែកអ្នកបើកម៉ូតូបង្កបានដួលបោកក្បាលទៅនឹងថ្នល់ប៉ោងក្បាលខាងក្រោយធ្វើឲ្យជ្រុះថង់ដាក់លុយពណ៌ខ្មៅពីលើម៉ូតូចំនួន១០ម៉ឺនដុល្លារដោយមិនដឹងខ្លួន ។
ក្រោយពេលកើតហេតុអ្នកបើកម៉ូតូបង្កដែលរងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូបង្ក និងរ៉ឺម៉កម៉ូតូត្រូវសមត្ថកិច្ចចរាចរណ៍បានចុះមកវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំដោះស្រាយនៅពេលក្រោយ ។
ដោយឡែកថង់លុយដែលបានជ្រុះនោះត្រូវបានពីរនាក់ប្តីប្រពន្ធដែលមានផ្ទះនៅក្បែរកន្លែងកើតហេតុរើសបានបើកឃើញសុទ្ធតែក្រដាសប្រាក់១០០$ចំនួន១០ដុំ លុះរហូតដល់ មានស្រ្ដីម្នាក់ដែលអះអាងថាខ្លួនជាប្រពន្ធរបស់ជនរងគ្រោះមកដល់ កន្លែងកើតហេតុទើបប្ដីប្រពន្ធចិត្តធម៌ទាំងពីរនាក់នោះប្រគល់ថង់បលុយទៅឲ្យស្ត្រីជាប្រពន្ធជនរងគ្រោះយកទៅរក្សាទុកវិញ ៕