សែន​រន្ធត់​ណាស់​!​អគ្គីភ័យ​បាន​ឆេះ​ផ្ទះ​និង​យុវជន​ប្រុស​ស្រី​២​នាក់​ស្លាប់​យ៉ាង​អាណោច​អាធម៌

ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​យុវ​ជន​ប្រុស​ស្រី​២​នាក់​បាន​ស្លាប់​ក្នុង​ផ្នុក​ភ្លើង​យ៉ាង​អាណោច​អាធម៌ និង​បណ្ដាល​ឲ្យ​ឪពុក​ចូល​ទៅ​ជួយ​រង​របួស​ធ្ងន់ ដែល​នៅ​ក្នុង​ករណី​អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង កាល​ពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៧ ដែល​នៅ​ក្នុង​ភូមិ​ជើង​ឯក សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ ។

យុវជន​ប្រុស​ស្រី​រងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​អគ្គីភ័យ​ខាង​លើ​មាន​ឈ្មោះ ទី១ ឈ្មោះ យ៉េម រមនី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​១០ ។ ទី២​ឈ្មោះ យ៉េម វណ្ណៈ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​កម្មករ​ផលិត​ទឹក​សុទ្ធ ។ចំណែក​ឪពុក​ឈ្មោះ​ស្រិញ ឈន អាយុ​៥១​ឆ្នាំ មុខរបរ​ដាំ​ត្រកួន​ក្បែរ​ផ្ទះ (បាន​រង​របួស​ធ្ងន់) ។

បើ​តាម​ការ​រៀប​រាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ យ៉េម រ៉េត អាយុ​៤២​ឆ្នាំ ដែល​ត្រូវ​ជា​ម្ដាយ​ជន​រង​គ្រោះ​ខាង​លើ​បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​និង​អួល​ដើម​ក ថា ក្នុង​ក្រុម​គ្រួសារ​គាត់​គឺ​មាន​សមា​ជិក​៥​នាក់ ដោយ​ប្ដី​ប្រពន្ធ​គាត់​២​នាក់ និង​កូន​ប្រុស​២​នាក់ ស្រី​ម្នាក់ ។

ស្ត្រី​រងគ្រោះ​បាន​ប្រាប់​បន្ត​ថា នៅ​យប់​កើត​ហេតុ​រូប​គាត់​បាន​ដេក​នៅ​ក្រោម​ផ្ទះ​៣​នាក់​កូន​ពៅ​និង​ប្ដី ហើយ​យុវជន​ប្រុស​ស្រី​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​នោះ​បាន​ដេក​នៅ​លើ​ផ្ទះ ដោយ​ពេល​ឆ្លង​ចរន្ត​អគ្គីសនី​ឆាប​ឆេះ​ផ្ទះ​នោះ​គឺ​គ្រួសារ​គាត់​កំពុង​តែ​ដេក​លក់​អស់​ទៅ​ហើយ រហូត​ឆេះ​ផ្ទះ​បាន​ពាក់​កណ្ដាល​ទើប​ដឹង ក្នុង​នោះ​ឪពុក​ម្ដាយ​និង​កូន​ពៅ​ដែល​ដេក​នៅ​លើ បាន​រត់​ចេញ​ទាន់​ពេល​វេលា ដោយ​នៅ​ឡើយ​យុវ​ជន​ប្រុស​ស្រី​រងគ្រោះ​នៅ​ក្នុង​ផ្ទះ​ខណះ​ភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ទៅ​ហើយ ។ ភ្លាម​នោះ​ឪពុក​បាន​ធាក់​ទ្វា​ទំ​លុះ​ចូល​ជួយ​កូន​ទាំង​២​នាក់ តែ​មិន​បាន​សម្រេច​និង​បណ្ដាល​រូប​គាត់​ឆេះ​ខ្លួន​រង​របួស​ធ្ងន់​ផង​ដែរ។

ក្រោយពេល​កើត​ហេតុ យុវជន​ប្រុស​ស្រី​២​នាក់​ដែល​ដេក​នៅ​ក្រោម​បាន​ឆេះ​ស្លាប់​ក្នុង​ផ្ទះ​យ៉ាង​អាណោច​អាធម៌​បំផុត ចំណែក​បុរស​ម្នាក់​ដែល​ជា​ឪពុក​ជន​រងគ្រោះ​បាន​រង​របួស​ធ្ងន់ ត្រូវ​បាន​ដឹក​បញ្ចូន​ទៅ​មន្ទីរ​ពេទ្យ​រុស្សី ដើម្បី​សង្គ្រោះ​បន្ទាន់។

បើ​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុ​ការណ៍​អគ្គីភ័យ​ខាង​លើ​នេះ​គឺ​រថយន្ត​ពន្លត់​អគ្គីភ័យ​​មិន​អាច​ចូល​ទៅ​បាញ់​ពន្លត់​ភ្លើង​បាន​នោះ​ទេ ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ជួញ​ទាញ​ទយោ​តូចៗ​មក​បាញ់​ពន្លត់​ដែរ តែ​មិន​អាច​ជួយ​បាន ព្រោះ​អគ្គីភ័យ​បាន​ឆេះ​ផ្ទះ​និង​ជន​រងគ្រោះ​ខាង​លើ​អស់​ទាំង​ស្រុង​ទៅ​ហើយ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិច័យ​សាក​សព​ជន​រងគ្រោះ​ខាង​លើ​និង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

IMG-20170428-WA0015
IMG-20170428-WA0016
IMG-20170428-WA0018
IMG-20170428-WA0017
IMG-20170428-WA0020