​ជួយ Share!​ អ្នក​មីង​បាត់​ដំណឹងកូន​ក្រមុំ ១០​ថ្ងៃ​ហើយ ទើប​កាន់​រូបថត​ដើរ​រក

ភ្នំពេញ៖ នៅ​​វេលា​​ម៉ោង​​៦​​ល្ងាច ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​​២០១៧ ស្ត្រី​​ម្នាក់​​បាន​កាន់​​រូប​ថត​​កូន​ស្រី​​មក​យំ​​ស្រែក​នៅ ប៉ុស្ដិ៍​នគរ​បាល​ចោម​ចៅ​ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​​អន្តរាគមន៍​​រក​​កូន​ស្រី​គាត់​ដែល​​នាង​​បាន​​ទៅ​​លេង​​ស្រុក​កំណើត​​ខាង​​គូ​រ​ដណ្ដឹង​រយៈ​ពេល​​ជាង​១០​​ថ្ងៃ​​ទៅ​​ហើយ មិន​ឃើញ​​ត្រលប់​​មក​ផ្ទះ​​វិញ​​ឡើយ​។

ស្រ្ដី​ជា​​ម្ដាយ​​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​មិន​​ដែល​​​ស្គាល់​​ស្រុក​​កំណើត​អនាគត​កូន​ប្រសារ​​ទេ គ្រាន់តែ​​ដឹង​​តែ​​នៅ​​ក្នុង​ខេត្ត​ព្រៃ​វែង​ ប៉ុន្តែ​​​មិន​​ដឹង​​ថា​​នៅ​​ក្នុង​ភូមិឃុំនិង​​ស្រុក​​អ្វី​ឡើយ ទើប​​គាត់​​មិន​​អាច​តាម​​​រក​បាន​។

ចំណែក​នារី​បាត់​ខ្លួន​​ឈ្មោះ អ៊ន ស្រី​ចម អាយុ​១៨​ឆ្នាំ ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ ចំណែក​ស្រ្តី ជា​ម្ដាយ​ដែល​កំពុង​តាម​រក​កូន​នោះ​ឈ្មោះ ម៉ា ចាន់ អាយុ​៤៣​ឆ្នាំ ​ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ដែរ មាន​ស្រុក​កំណើត​នៅ ក្នុង​ភូមិ​ខ្នាច ឃុំ​សេដ្ឋី ស្រុកកំពង់​ត្រឡាច ខេត្តកំពង់​ឆ្នាំង និង​​ស្នាក់​នៅ​​ផ្ទះ​​ជួល​​ម្ដុំ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ដោយ​ឡែក​គូរ​ដណ្ដឹង​កូន​ស្រី​និង​ជា​អនាគត​កូន​ប្រសារ​គាត់​នោះ​ឈ្មោះ ​ពិសិទ្ធ ​មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្តព្រៃ​វែង។

ស្ដ្រី​ជា​​ម្ដាយ​​បាន​​បន្ដ​ថា​​
កូន​​ស្រី​​​របស់​គាត់​​បាន​​​បិទ​​ទូរស័ព្ទ​​​មិន​​​អាច​​​ទាក់​​ទង​​បាន​​​ទេ​​ ទើប​​ធ្វើ​​​ឲ្យ​​​គាត់​​​មាន​​ការព្រួយ​បារម្ភ​​​យ៉ាង​​ខ្លាំង ​​ហើយ​​ក៏​​បាន​​រត់​​រក​​ទៅ​រក​​សមត្ថ​កិច្ច​​ឲ្យ​​​ជួយ​​​តែ​​​ម្ដង​៕

ហេតុ​ដូច្នេះ​សូម​បងប្អូន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​មេត្តា​អាណិត​អ្នក​មីង ហើយ​ជួយ Share ម្នាក់​មួយ ក្រែង​បាន​ដឹង​ដល់​កូន​ក្រមុំ​គាត់ ឲ្យ​ទាក់ទង​មក​រក​គាត់​ផង ព្រោះ​គាត់​កំពុង​បារម្ភ​ពី​កូន នឹក​កូន​យំ​ផង​អី​ផង។ អំពើ​ល្អ​មិន​សាបសូន្យ​ឡើយ។​​

2017-04-19 04.22.58
2017-04-19 04.23.31