កំពុង​រាំ​ធុងបាស​ចូល​ឆ្នាំ​ថ្មី ស្ទាវ​២​ក្រុម​ឈ្លោះ​គ្នា បាញ់​៣​គ្រាប់​ផ្អើល​អ្នក​ភូមិ

ពោធិសាត់៖ ផ្ទុះ​អាវុធ​៣​គ្រាប់​ជាប់ៗ​គ្នា ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ក្រោយមក​ទើប​ដឹង​ថា ជា​ការ​បាញ់​គម្រាម​មិន​ឲ្យ​គូ​ជម្លោះ​តដៃ, បន្ទាប់​ពី​បក្សពួក​ក្មេង​ស្ទាវ​មក​ពី ភូមិបត់រំដួល ដេញ​វាយ​ក្រុម​ក្មេងភូមិកោះវត្ត ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំថ្មី នៅ​វត្តស្រោង នា​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចុង​ក្រោយ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០១៧ នៅ​ចំណុច​វត្តស្រោង ស្ថិត​ក្នុង​ភូមិកោះវត្ត ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ហើយ​ផ្ទុះ​អាវុធ​៣​គ្រាប់​នោះ គឺ​បាញ់​ដោយ​មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ មុខងារ​ជា​នាយរង​ការិយាល័យ​អន្តរាគមន៍។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ មន្ដ្រី​នគរបាល​ដែល​បាញ់​៣​គ្រាប់ និង​ក្មេង​ស្ទាវ​មួយ​ក្រុម​មក​ពី​ភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ បាន​មក​រាំ​ធុងបាស​កម្សាន្ត ក្នុងពិធីបុណ្យ​ចូលឆ្នាំ។ ក្រោយ​រាំ​បាន​មួយ​សន្ទុះ ស្រាប់តែ​មាន​រឿង​ឈ្លោះ ប្រកែក​គ្នា​ជាមួយ​ក្រុម​ក្មេង​មក​ពី​ភូមិកោះវត្ត ទើប​បណ្តាលឲ្យ​មាន​ការ​ផ្ទុះ​ជម្លោះ រហូត​ដល់​ផ្ទុះ​អាវុធ​ចំនួន ៣​គ្រាប់ ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ទាំងយប់។

មន្រ្តី​នគរបាល​ជា​អ្នក​បាញ់​គម្រាម​មិន​ឲ្យ​តដៃ​មាន​ឈ្មោះ ប្រាក់ សុផាន់ណា អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ មុខងារជា​នាយរង​ការិយាល័យ​អន្តរាគមន៍ បាន​បាញ់​៤​គ្រាប់ តែ​ផ្ទុះ​៣​គ្រាប់ និង​ស្អុយ​១​គ្រាប់។

បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ក្រោយមក​រកឃើញ​សំបកគ្រាប់​អាវុធ​ខ្លី​ធុន K54 ចំនួន​៤​គ្រាប់ ព្រមទាំង​បាន​ឃាត់​ខ្លួន​ជន​ដៃដល់ និង​បាន​ដកហូត​អាវុធ​ខ្លី​១​ដើម​ធុន K54 លេខ​៥៦២៥ បង់១ គ្រាប់​៣​គ្រាប់ អត្តសញ្ញាណប័ណ្ណ​នគរបាល​ជាតិ​០១​សន្លឹក រថយន្ត​ម៉ាក Toyota Camery បាឡែន​១​គ្រឿង ពណ៌ស ពាក់​ស្លាក​លេខ នគរបាល 2-0804។ ក្នុង​ហេតុការណ៍​នេះ​ក្រុម​ក្មេង​មក​ពី​ភូមិកោះវត្ត រង​របួសចំនួន​០៣​នាក់ ដោយឡែក​ក្រុម​ក្មេង​ភូមិ​បត់​រំដួល បាន​រត់​គេច​ខ្លួនបាត់​ស្រមោល៕

shot-pursat-1
shot-pursat-2
shot-pursat-4
shot-pursat-3
shot-pursat-5