ផឹកស៊ី​ចូលឆ្នាំ​ទាស់​សម្ដី​គ្នា បាញ់​ត្រូវ​ក្មួយ​ក្រមុំ​ចំ​ភ្លៅ

ខេត្តកណ្ដាល​៖ យុវតី​ម្នាក់​បាន​រង​របួស​ចំ​ភ្លៅ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​នៅ​ខណៈ​ដែល​វង់​ផឹកស៊ី​ពេល​ចូលឆ្នាំ​ថ្មី​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ​២០១៧ (ជា​ថ្ងៃ​ចូល​ឆ្នាំ​ទី​២) វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល នៅ​ភូមិលេខ២ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល​។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា យុវតី​រងគ្រោះ​ឈ្មោះ សៀង បញ្ញា អាយុ ១៨​ឆ្នាំ​ជា​ជាង​អ៊ុតសក់ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាង​លើ។ ចំណែក​ជន​សង្ស័យ​ឈ្មោះ ពូជ យ៉ុន អាយុ ៤០​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ជាមួយ​ជន​រងគ្រោះ ត្រូវ​ជា​ពូ​ថ្លៃ​ជន​រងគ្រោះ​។​​

មុន​ពេល​កើតហេតុ នៅ​ក្នុង​ភូមិ​មាន​ចាក់​ធុងបាស​រាំ​លេង​ពេល​បុណ្យ​ចូលឆ្នាំ ពេល​ផឹកស៊ី​ស្រវឹង​ហើយ ជន​សង្ស័យ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​វង់​ផឹកស៊ី​មួយ​វង់​ទៀត ដែល​នៅ​ផ្ទះ​ជិតខាង ពេល​នោះ​ជន​សង្ស័យ​បាត់​រត់​ចូល​ក្នុង​ផ្ទះ​យក​កាំភ្លើង​កែច្នៃ​បម្រុង​បាញ់​គូ​ទំនាស់ ហើយ​ជន​រងគ្រោះ​បាន​ចូល​ទៅ​ឃាត់ កាំភ្លើង​ក៏​រាល​កៃ​បាញ់​ចំ​ភ្លៅ​ស្ដាំ​ជន​រងគ្រោះ​ធ្លុះ​ពី​ម្ខាង​ទៅ​ម្ដាង​តែម្ដង។​

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​ទីតាំង​កើតហេតុ ហើយ​ប្រមូល​បាន​ភស្តុតាង​មាន កាំភ្លើង​កែច្នៃ​១​ដើម ដែល​ជន​សង្ស័យ​បាន​យក​ទៅ​កប់​ក្នុង​ដី​ក្នុង​ផ្ទះ។ សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​និង​ចាត់ការ​តាម​និតិ​វីធី​ច្បាប់។​

ចំណែក​ជន​រងគ្រោះ​ត្រូវ​បាន​ម្ដាយ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​។​

ប្រភព៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​

seang-panha-2
seang-panha-3
seang-panha-4seang-panha-5
seang-panha-6
seang-panha-7