កុមារី​ម្នាក់​សុំ​ម្ដាយ​ទៅ​ងូត​ទឹក​ស្រាប់តែ​លង់​ស្លាប់​គួរឲ្យ​សង្វេគ

កណ្ដាល៖ ក្មេង​ស្រី​ម្នាក់​បាន​សុំ​ម្ដាយ​ទៅ​ងូត​ទឹក​ទន្លេ​ស្រាប់តែ​លង់​ទឹក​ស្លាប់​បាត់បង់​ជីវិត​តែម្ដង។ ហេតុការណ៍​ដ៏​គួរឲ្យ​សង្វេគ​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​១៣ មេសា​ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧.០០ នាទី​នៅ​ចំណុច​ទន្លេមេគង្គ ភូមិឃ្លាំមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សា​ច់កណ្តាល ខេត្តកណ្តាល។

ក្មេងស្រី​ដែល​ស្លាប់​ឈ្មោះ សម្បត្តិ លីណា អាយុ​០៤​ឆ្នាំ​ ​នៅ​ភូមិ​ឃុំ​ កើតហេតុ​ខាងលើ។ ចំណែក​ឪពុក​ឈ្មោះ​ ខុម សម្បត្តិ​ អាយុ​ ២៩​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ និង ម្តាយ​ឈ្មោះ អ៊ុក ផាន់នី អាយុ ២៨ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ កសិករ។

ប្រភព​ព័ត៌មាន​ពី​ឪពុក​ក្មេង​ដែល​ស្លាប់​បាន​ឲ្យ​ថា នៅ​ថ្ងៃទី​១៣ ខែមេសាឆ្នាំ ២០១៧ វេលា​ម៉ោង​ ១៦ និង ០០ នាទី ក្មេងស្រី​ដែល​ស្លាប់​ឈ្មោះ សម្បត្តិ លីណា បាន​សុំ​ម្តាយ​ឈ្មោះ អ៊ុក ផាន់នី ថា​ទៅ​ងូត​ទឹក​ទន្លេមេគង្គ ភូមិ ឃ្លាំងមឿងជើង ឃុំព្រែកអំពិល ជាមួយ​មិត្តភក្ដិ​របស់​ខ្លួន ដែល​ជា​ក្មេងៗ​ដូចគ្នា ពេល​នោះ​ម្តាយ​បាន​ឃាត់​មិន​ឲ្យ​ទៅ​ទេ ប៉ុន្តែ​ក្មេង​ស្រី​បាន​លួច​ទៅ​មុជ​ទឹក​ទន្លេ។

ដល់​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ដដែល​ដោយ​បាត់​កូន​មិន​ឃើញ​នៅ​ផ្ទះ ឪពុក​ក៍​ដើរ​ទៅ​មាត់​ទន្លេ ហើយ​សួរ​ឈ្មោះ ផាត ផាតានា អាយុ​០៥​ឆ្នាំ ដែល​កំពុង​មុជ​ទឹក​ថា «មាន​ឃើញ​កូន​ពូ លីណា ទេ?» ភ្លាម​នោះ​ឈ្មោះ ផាត ផាតានា បាន​ប្រាប់​ថា «ខ្ញុំ​ឃើញ លីណា លង់​ទឹក​កន្លែង​ទូក​ពូ​ម៉ៅ»។ ឮ​ដូចនេះ​ឪពុក និង មនុស្ស​ជាច្រើន​នាក់​ទៀត​ក៏​ចុះ​ទៅ​រាវ​រក​ លីណា ក្នុង​ទឹក​ទន្លេ​ នៅ​កន្លែង​ទូក​របស់​ឈ្មោះ ភុន ម៉ៅ ហើយ​បាន​ឃើញ​សាកសព លីណា នៅ​ក្រោម​ទូក​ចំងាយ​ប្រហែល​៣​ ម៉ែត្រ​ពី​ច្រាំង​ និង​បាន​យក សាកសព​មក​ផ្ទះ។

ក្រោយ​ពី​ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់​ឃើញ ក្មេងស្រី​ដែល​ស្លាប់ មាន​ពោះ​ប៉ោង ក្រៅ​ពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរឲ្យ​កត់​សម្គាល់​ទេ ហើយ​បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕