បាញ់​ប្រហារ​គ្រួសារ​ស្លាប់​ស្ទើរ​មួយ​ពូជ គ្រាន់តែ​សុំ​ស្រឡាញ់​មិន​បាន

ខេត្តបន្ទាយមានជ័យ​​៖ ហេតុការណ៍​ឃាតកម្ម​បាញ់ប្រហារ​ដ៏​រន្ធត់ កើត​ឡើង​លើ​ក្រុមគ្រួសារ​មួយ នៅ​រង្វង់ម៉ោង ៣ និង ៣០​នាទី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៧ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមេសា​ឆ្នាំ​២០១៧ គឺ​នៅ​ខណៈ​ដែល​ក្រុមគ្រួសារ​នេះ​កំពុង​អុជ​ធូប​ទទួល​ទេវតា​ឆ្នាំ​ថ្មី ស្រាប់​តែ​មាន​ខ្មាន់កាំភ្លើង​ម្នាក់ មក​បាញ់​រះ​លើ​ជន​រងគ្រោះ​តែម្ដង។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ដ៏​សាហាវ និង​រន្ធត់​ខាង​លើ​នេះ​បាន​កើតឡើង​ក្នុង​ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែល​បង្ក​ឲ្យ​មាន​សមាជិក​គ្រួសារ​ស្លាប់​៣​នាក់​គឺ ១-​ឈ្មោះ សុខ ខាត់ណា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ២-​ឈ្មោះ ម៉ែន សុវណ្ណរ៉ាឌី ភេទ​ស្រី អាយុ​៣២​ឆ្នាំ និង ៣- ឈ្មោះ ជួប សាំងលីន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ព្រមទាំង​ជន​រងគ្រោះ​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ឈ្មោះ អឹម សំប៊ុន ​ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ។

ចំណែកឯ​ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ រ៉េត រាត្រី ហៅ ធិច អាយុ ២៨​ឆ្នាំ ជា​មន្ត្រី​យោធា​អង្គភាព​អភិវឌ្ឍន៍​ភ្នំឆ័ត្រ យោធភូមិភាគ​លេខ​៥។​

ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​ដែល​នាំឲ្យ​មាន​កា​បាញ់​ប្រហារ​នេះ​កើត​ឡើង​គឺ​មក​ពី​ជន​សង្ស័យ​តាម​ស្រឡាញ់​កូន​ក្រមុំ​គ្រួសារ​ជន​រងគ្រោះ​នេះ​មិន​បាន ហើយ​គ្រួសារ​បាន​លើក​កូន​ក្រមុំ​ឲ្យ​ទៅ​អ្នក​ផ្សេង ។​

បន្ទប់​ពី​ធ្វើ​សកម្មភាព​បាញ់​ប្រហារ​រួច​ជន​ដៃដល់​បាន​បើក​ម៉ូតូ ដែល​មាន​ស្លាក​លេខ 1Q-5151 គេច​ខ្លួន​បាត់​ស្រមោល ។​

ករណី​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​តាម​ចាប់​ជន​ដៃដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នឹង​ជូន​រង្វាន់​ចំនួន ២០០០​ដុល្លារ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​បាន​ឃើញ​និង​ផ្តល់​ព័ត៌មាន​និង​ឈានដល់​ការ​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ខាងលើនេះ៕