ចោរ​ដក​កាំ​ភ្លើង​ភ្ជង់ប្លន់​ម៉ូតូ​បុរស​រត់​ឌុប​បាន​ដោយ​សុវត្ថិ​ភាព

ភ្នំពេញ​៖​ ជន​សង្ស័យ​៤​នាក់​ប្រដាក់​ដោយ​កាំ​ភ្លើង​និង​កាំបិត​បាន​មក​ធ្វើ​សកម្មភាព​ភ្ជុង​ប្លន់​យក​ម៉ូតូ​ពី​បុរស​អ្នក​រត់ម៉ូតូឌុប​ម្នាក់​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ហើយ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០​១៧ នៅ​ចំណុច​តាម​ផ្លូវ​លំ​ស្ថិត​នៅ​ក្បែរ​វត្ត​គោក​បញ្ជាន់​ក្នុង​ភូមិ​ថ្មគោល​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បុរស​ដែល​ជា​ជន​រងគ្រោះ​ខាង​លើ​ឈ្មោះ ប៉ែន ចន្ធូ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ និង​រត់​ម៉ូតូ​ឌុប ស្នាក់​នៅ​ក្នុង​ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ មាន​ស្រុកកំណើត​នៅ​ ខេត្តស្វាយរៀង បាត់បង់​ម៉ូតូ​ម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ1SG-1712 រួម​ជាមួយ​កាបូប ដែល​មាន​លុយ ១០០​ដុល្លារ អត្តសញ្ញាណប័ណ្ណ​១​សន្លឹក និង​កាតគ្រី​ម៉ូតូ​១​សន្លឹកផងដែរ។

បុរស​នោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ដឹក​ម៉ូយ​ម្នាក់​ចេញ​ពី​ផ្លូវ ណប្រីជ កែង​នឹង​ផ្លូវ​វេងស្រេង ស្ថិត​នៅ​ក្នុង​ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឆ្ពោះ​ទៅ​កាន់ ភូមិថ្មគោល សង្កាត់​ចោម​ចៅ ក្នុង​តម្លៃ​៨០០០​រៀល ដោយ​ខណៈ​នោះ​ខ្លួន​មិន​បាន​ដឹង​ថា​ជន​នោះ​គឺ​ជា​ចោរ​នោះ​ឡើយ ស្រាប់តែ​មាន​ជន​សង្ស័យ​៣​នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយហ្ស៊ុយគី​ស្មាស់​១​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១២៥​មួយ​គ្រឿង​ទៅ​ដល់​ទាញ​កាំ​ភ្លើង​ខ្លី​និង​កាំ​បិត​ភ្ជង់​គំរាម​បាញ់​សម្លាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ខាង​លើ​ព្រម​ទាំង​លូក​យក​កាបូប​លុយ​និង​ទូរស័ព្ទ​ដៃ​១​គ្រឿង រួច​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​។

ក្រោយ​ពេល​កើត​ហេតុ​ទើប​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​ចោម​ចៅ​សុំ​ការ​អន្តរាគមន៍៕

IMG-20170411-WA0048m