គេច​ពី​ផ្ទះ​ជាង​១​ខែ ទៅ​រួម​រស់​ជា​មួយ​គ្នា​ក្នុង​ផ្ទះ​សំណាក់ លុះ​ឪពុក​ខាង​ស្រី​តាម​ទាន់​ប្តឹង​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ

រាជ​ធានី​ភ្នំពេញ : យុវ​ជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​ព្រែក​ប្រា​ធ្វើ​ការ​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​រួម​ភេទ​ជា​មួយ​អនីតិ​ជន​ក្រោម​អាយុ​១៥​ឆ្នាំកាល​ពី​វេលា​យប់​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​សំណាក់ ” ដាលីន ” ស្ថិត​ក្នុង​ភូមិ​ជ្រោយ​បា​សាក់ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

ជន​សង្ស័យ​មាន​ឈ្មោះ លឹម សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ផ្ទះ​លេខ​៣៩ ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់ ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។ ដោយ​ឡែក​ក្មេង​ស្រី​រងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​អាយុ​១៤​ឆ្នាំ ។

មន្ត្រី​នគរ​បាល​ឲ្យ​ដឹង​ថា ជនសង្ស័យ​និង​នារី​ជា​ជន​រងគ្រោះ ត្រូវ​ជា​សង្សារ​នឹង​គ្នា ដោយ​ការ​ស្រលាញ់​របស់​ពួក​គេ​ម្តាយ​ឪពុក​ខាង​ស្រី​ក៏​ស្គាល់​យុវ​ជន​ជា​សង្សារ​ដែរ ។ ក្រោយ​ការ​ស្រលាញ់​គ្នា​បាន​ចិត្ត​ថ្លើម​មិន​ទាន់​បាន​ប៉ុន្មាន​ផង​នោះ ពួក​គេ​បាន​នាំ​គ្នា​រត់​ចេញ​ពី​ផ្ទះ​​ជាង​១​ខែ តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភះ ទៅ​ជួល​ផ្ទះ​សំណាក់ ” ដាលីន ” ស្ថិត​ក្នុង​ភូមិ​ជ្រោយ​បា​សាក់ សង្កាត់​ព្រែក​ប្រា ដើម្បី​រួម​រស់​នៅ​ជា​មួយ​គ្នា ។

ក្រោយ​ការ​បាត់​ខ្លួន ឪពុក​ម្តាយ​របស់​នាង​បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​ព្រែក​ប្រា ស្តី​ពី​ការ​បាត់​ខ្លួន​របស់​កូន​ស្តី ប៉ុន្តែ​ក្នុង​នោះ​អាណា​ព្យាបាល​របស់​នាង​បាន​ដាក់​ការ​សង្ស័យ​លើ​បុរស​ជា​សង្សារ ( ជន​សង្ស័យ​ ) ​ថា​ជា​អ្នក​នាំ​រត់​គេច​ខ្លួន ។

លុះ​មក​ទល់​នឹង​វេលា​ម៉ោង ១៦ និង ០០​នាទី​ល្ងាច​ថ្ងៃ​ទី​០៨ មេសា ២០១៧ ឪពុក​ក្មេង​ស្រី​រងគ្រោះ​បាន​ប្រទះ​ឃើញ ជន​សង្ស័យ​នៅ​ចំណុច​ផ្លូវ​ប៉េ​តុង​មួយ​កន្លែង​ក្នុង​សង្កាត់​ច្បារ​អំពៅ​១ ហើយ​ជិះ​តាម​រហូត​តាម​ដល់​ផ្ទះ​សំណាក់​ដែល​ពួក​គេ​ស្នាក់​នៅ ក៏​ជិះ​ម៉ូតូ​មក​ប្តឹង​មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​អោយ​ជួយ​អន្តរាគមន៍​ឃាត់​ខ្លួន​ជន​សង្ស័យ និង​នាំ​ខ្លួន​កូន​ស្រី​ខ្លួន​មក​វិញ ។

បច្ចុប្បន្ន​ជន​សង្ស័យ ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​ព្រែក​ប្រា រង​ចាំ​កសាង​សំណុំ​រឿង​បញ្ចូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិ​វិធី​តាម​ច្បាប់ ។ ដោយ​ឡែក​ក្មេង​ស្រី​រងគ្រោះ​ត្រូវ​សមត្ថកិច្ច​​អប់​រំ​ណែ​នាំ រួច​ប្រគល់​ជូន​អាណា​ព្យាបាល​ទទួល​យក​ទៅ​លំ​នៅ​ឋាន​វិញ​ ៕

received_1150126635117109
received_1150126631783776