ព្រះរាជអាជ្ញា​រង សឿន មុនីរ័ត្ន ដោះលែង​ជន​សង្ស័យ​ម្នាក់ ក្រោម​ហេតុផល​ថា​ជន​រងគ្រោះ​ដក​ពាក្យ​បណ្ដឹង

ភ្នំពេញ៖ ទីបំផុត​ទៅ​បទល្មើស រំលោភ​លើ​ទំនុកចិត្ត ដែល​មាត្រា ១៩១ និង​មាត្រា ១៩២ នៃ​ព្រហ្មទណ្ឌ​ចែង​ថា​ជន​សង្ស័យ​អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ ពី​៦ខែ ទៅ​ដល់ ៣​ឆ្នាំ បូករួម​ទាំង​ពិន័យ​ផង​ក៏​ដោយ​ចុះ ក៏​ជន​សង្ស័យ​អាច​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​យ៉ាង​ស្រួល​ដោយ​គ្រាន់តែ ជន​រងគ្រោះ​ដក​ពាក្យបណ្ដឹង​គឺ​ជា​ការ​ស្រេច​ទៅ​ហើយ ចំណែក​បណ្ដឹង អាជ្ញា​ក៏​មិន​ដឹង​ថា​គេ​នៅ​នឹក​ឃើញ ឬ​ក៏​អត់​នោះ​ទេ ។

ហេតុអ្វី​ក៏​ជន​សង្ស័យ​រួច​ខ្លួន​ស្រួល​យ៉ាង​នេះ?ជា​សំនួរ​ដែល​នគរបាល​យុត្តិធម៌​មួយ​ចំនួន​នៃ​អធិការដ្ឋាន ពោធិសែនជ័យ​ដែល​បាន​ប្រតិបត្តិការ​តាម​ដេញ​ប៉ផាប់​ចាប់​ពភីង យ៉ាង​លំបាក ទម្រាំ​បាន​ជន​សង្ស័យ បញ្ជូន​ទៅ​តុលាការ​មាន​ការ​ងឿងឆ្ងល់​និង​សួរ​គ្នា​ទៅវិញទៅមក ។ ចំណែក​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌពោធិសែនជ័យ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រឿង​នេះ លោក​ក៏​កំពុង​តែ​ពិនិត្យ​ផងដែរ ហេតុ​អ្វី​បាន​ជា​មាន​ការ​ដោះលែង ជន​សង្ស័យ​បែបនេះ ?

ជា​ការ​ឆ្លើយតប​នឹង​សំណួរ​ខាងលើ​នោះ​លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ព្រះរាជអាជ្ញា​រង​ប្រចាំ ខណ្ឌពោធិសែនជ័យ បាន​ឆ្លើយ​តបថានៅរសៀលថ្ងៃទី៧ ខែ​មេសា ឆ្នាំ​២០១៧ នេះ លោក​ពិត ជា​បាន​អនុញ្ញាត​ឱ្យ​ជន​សង្ស័យ​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ត្រលប់​ទៅ​ផ្ទះ​វិញ​មែន ។ លោក សឿន មុនីរ័ត្ន បាន​បន្ត​ថា មូលហេតុ​ចម្បង​ដែល​លោក​បាន​សម្រេច​ដោះលែង​ជន​សង្ស័យ​ឈ្មោះ ខុម បូណា ដែល​រង​ការ​ចោទ​ថា បាន​ឆបោក​រថយន្ត​ម៉ាក កាមារី ឆ្លាម របស់​ជនរង​គ្រោះ​ឈ្មោះ អ៊ឹម វ៉ាន ទៅ​បញ្ចាំ​នោះ​គឺ មក​ពី​ជន​រងគ្រោះ​បាន​ដក​ពាក្យ​បណ្ដឹង​ឈប់​ប្ដឹង​ជនសង្ស័យ ហើយ​ជនរងគ្រោះ បាន​អង្វរ​លោក​ជា​តំណាង​អយ្យការ​ឱ្យ​ដោះលែង​ជនសង្ស័យ​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ព្រោះ​តែ​ជនរងគ្រោះ និង​ជនសង្ស័យ​ជា​កូន​ធម៌ និង​ឪ​ធម៌ ។ លោក សឿន មុនីរ័ត្ន បាន​បន្ថែម​ថា សំណុំរឿង​នេះ​មិន​ទាន់​ចប់​គឺ​លោក​គ្រាន់តែ​អនុញ្ញាត​ឱ្យ​ជនសង្ស័យ​ត្រលប់​ទៅ​លំនៅ​ដ្ឋាន​វិញ​សិន​តែប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា​បើ​យោង​តាម មាត្រា​៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​បាន​ចែង​ថា មូលហេតុ​នៃ​ការ​រលត់​បណ្ដឹង​អាជ្ញា​គឺ ដោយសារ​មរណៈ ភាព​នៃ​ល្មើស​ការ​ផុត​អាជ្ញាយុកាល ការ​លើកលែង​ទោស​ជា​ទូទៅ និរាករណ៍​នៃ​ច្បាប់ព្រហ្មទណ្ឌ និង​អាជ្ញា​អស់​ជំនំ ។

គួរ​រំលឹក​ថា កាល​រសៀល​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ២០១៧ កន្លង​ទៅ​ជនសង្ស័យ​ឈ្មោះ ខុម បូណា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​លក់​គ្រឿង​សង្ហារិម មាន​ទី​លំនៅ​ភូមិត្រពាំងក្រញ៉ូង ឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ បាន​ប្រើ​ល្បិច​ខ្ចី​រថយន្ត​ម៉ាក កាមារីឆ្លាម ពណ៌ ស្ករ ស៊េរី ១៩៩៧ ពាក់​ស្លាកលេខ ភ្នំពេញ 2H-3861 របស់​ជនរងគ្រោះ​ឈ្មោះ អ៊ឹម វ៉ាន ភេទ​ប្រុស អាយុ ៥៧ឆ្នាំ មុខរបរ រត់​តាក់ស៊ី មាន​ទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និង​ត្រូវ​ជា​ឪពុក​ធម៌​កូន​ធម៌​នឹង​គ្នា ។ ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ សមត្ថកិច្ច​ខណ្ឌពោធិសែនជ័យ បាន​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​នៅ​ព្រឹក​ថ្ងៃ​ទី០៣ ខែមេសា ឆ្នាំ​២០១៧ ទើប​ដឹង​ថា ជនសង្ស័យ​បាន​យក​រថយន្ត​ខាងលើ​ទៅ​ដាក់​បញ្ចាំ​នៅ​ហាង​បញ្ចាំ មួយ​កន្លែង​ក្នុង​ខណ្ឌទួលគោក បាន​លុយ​ចំនួន ២,៥០០ ដុល្លារ​សហរដ្ឋអាមេរិក ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន សមត្ថកិច្ច​ខណ្ឌពោធិសែនជ័យ​បាន​កសាង​សំណុំរឿង​ពី​បទ រំលោភ​លើ​ទំនុកចិត្ត​ហើយ​បាន​បញ្ជូន​ជនសង្ស័យ​និង​សំណុំរឿង​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ បន្ត​រហូត​ដល់​មាន​ការ​ដោះលែង​ជនសង្ស័យ​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​យ៉ាង​រំភើយ ៕

ជនសង្ស័យ ខុម បូណា