សង្ស័យ​រឿង​គំនុំ​ជន​២​នាក់ ប្រើ​កូន​កាំបិត​ចូល​ចាក់​ប្រហារ​បុរស​ម្នាក់​ដល់​ក្នុង​បន្ទប់ ប៉ុន​ប៉ង​សម្លាប់

រាជ​ធានី​ភ្នំពេញ : បុរស​ម្នាក់​ត្រូវ​រង​របួស​ធ្ងន់​ធ្ងរ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ប្រាណ ដោយ​សារ​ជន​២នាក់ ដែល​គេ​ស្គាល់​ថា​ជា​មិត្ត​ភក្តិ​បាន​ប្រើ​កូន​កាំបិត​ចូល​ចាក់​ប្រហារ​ប៉ុន​ប៉ង​សម្លាប់ ដល់​ក្នុង​បន្ទប់​ផ្ទះ​ជួល នៅ​ចំណុច​ភូមិ​តា​ង៉ូវ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បា​អំពៅ នា​វេលា​ម៉ោង ៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ០៦ ខែ​មេសា ឆ្នាំ​២០១៧​នេះ ។ជន​រងគ្រោះ​មាន​ឈ្មោះ សក្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទី​លំ​នៅ​ស្នាក់​នៅ​ផ្ទះ​ជួល​កន្លែង​កើត​ហេតុ ។

តាម​ការ​រៀប​រាប់​របស់​នារី​ជា​ប្រពន្ធ ដែល​ឈ្មោះ ឃុំ ស្រី​ល័ក្ខ អាយុ​២៦​ឆ្នាំ បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ខ្លួន និង​ប្តី​បាន​សម្រាក​នៅ​ផ្ទះ​ធម្មតា លុះ​វេលា​ខាង​លើ ស្រាប់​តែ​មាន​មនុស្ស​មក​គោះ​ទ្វារ​បន្ទប់ ហើយ​ខ្លួន ក៏​ដើរ​ចេញ​មក​បើក ស្រាប់​តែ​ឃើញ បុរស​២​នាក់​ដែល​នាង​ស្គាល់​ថា ជា​មិត្ត​ភក្តិ​របស់​ប្តី​ខ្លួន បាន​សម្រុក​ចូល​មក​វាយ និង​ប្រើ​កូន​កាំបិត​ចាក់​ប្រហារ​ទៅ​លើ​បុរស​ជា​ប្តី យ៉ាង​សា​ហាវ អាច​ថា​ប៉ុន​ប៉ង​សម្លាប់ ។ ឃើញ​ដូច​នេះ នារី​ជា​ប្រពន្ធ​ក៏​ស្ទុះ​ទៅ​ជួយ​ប្តី តែ​ត្រូវ​ជន​សង្ស័យ​ទាំង​២​នាក់​វាយ​ជា​ច្រើន​ដៃ បណ្ដាល​អោយ​ដួល ហើយ​នាង​ព្យាយាម​រត់​ចេញ​មក​ក្រៅ​ស្រែក​អោយ​គេ​ឯង​ជួយ ។ ក្រោយ​នារី​ជា​ប្រពន្ធ​ព្យាយាម​ស្រែក​រក​អន្តរាគមន៍​ពី​អ្នក​ជិត​ខាង​រួច​មក​ជន​សង្ស័យ​ទាំង​២​នាក់​នោះ រត់​ចេញ​ពី​បន្ទប់​ហើយ​រត់​គេច​ដោយ​ថ្មើរ​ជើង​បាត់​ស្រមោល ។

បន្ទាប់​ពី​កើត​ហេតុ កម្លាំង​អាជ្ញាធរ​បាន​ចុះ​អន្តរាគមន៍ និង​ជួយ​ទំនាក់​ទំនង​ទៅ​កាន់​រថយន្ត​សា​មុយ នៃ​មន្ទីរ​ពេទ្យ​បង្អែក​មានជ័យ អោយ​មក​ទទួល​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ នារី​ជា​ប្រពន្ធ​អោយ​ដឹង​ថា ជន​សង្ស័យ​ទាំង​២​នាក់​ដែល​ចូល​មក​ចាក់​ប្រហារ​ប្តី​ខ្លួន គឺ​ជា​មិត្ត​ភក្តិ​របស់​គាត់ ពួក​គេ​ទាំង​២​មាន​ឈ្មោះ រតនា អាយុ​២៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ រ៉ូ អាយុ​២៤​ឆ្នាំ ។ នាង​មិន​ដឹង​ថា ប្តី​របស់​ខ្លួន​មាន​ទំនាស់ ឬ​មាន​គំនុំ​អ្វី​ជា​មួយ​ជន​សង្ស័យ​ទាំង​២​ឡើយ ។

ដោយ​ឡែក បុរស​ជា​ប្តី មិន​អាច​រៀប​រាប់​អ្វី​បាន​ទាំង​អស់ ព្រោះ​ពេល​នេះ កំពុង​ឋិត​ក្នុង​ដំណាក់​កាល​សង្គ្រោះ​បន្ទាន់ ។ យ៉ាង​ណា​មិញ​ករណី​ខាង​លើ​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ជា​អាច​ជា​ករណី​គំនុំ​ធ្លាប់​មាន​ទាស់​ទែង​គ្នា​ពី​មុន​មក ព្រោះ​ជន​សង្ស័យ និង​ជន​រង​គ្រោះ ជា​មនុស្ស​ធ្លាប់​ស្គាល់​គ្នា នេះ​បើ​តាម​ការ​អះ​អាង​របស់​នារី​ជា​ប្រពន្ធ ។ បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​២ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ព្រោះ​មាន​តំរុយ​ច្រើន​ក្នុង​ការ​តាម​រក ៕

17821389_1146453742151065_2116618152_n

17792412_1146453652151074_1069383765_n

17813864_1146453775484395_1835989542_n

17814110_1146453738817732_737233958_n

17820923_1146453762151063_663818391_n

17821161_1146453808817725_1453844763_n