បើក​លឿន​ដូច​ហោះ​បុក​រះ​ក្រឡាប់​ផ្ងារ​ជើង

ភ្នំពេញ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ត្រូវ​បាន​រថ​យន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​​ខណះ​ដែរ​បុរស​រូប​នោះ​ទំនង​ជា​ស្រវឹង​ស្រា​ហើយ​បើក​រថ​យន្ត​កាម​រី​បា​ឡែន​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ពេល​ដល់​ផ្លូវ​កោង​មិន​បន្ថយ​ល្បឿន​ក៏​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​​ដើមនិង​ដើម​ឈើ​មួយ​ដើម ឯ​រថ​យន្ត​បង្ក​បាន​ក្រឡាប់​ជា​​ច្រើន​ជុំ​ផ្ងារ​ជើង​ឡើង​លើ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ២​និង​៤០​នាទី​រំលង​អា​ធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​ ២៧​ ខែ​មិនា ឆ្នាំ​២០​១៧ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ទល់​មុខ​វិទ្យា​ល័យ​ ជា​ សុីម ​សាម​គ្គី ស្ថិត​នៅ​ក្នុង​ភូមិ​១​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌ​មាន​ជ័យ ។

តាម​ប្រភព​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​ខាង​លើ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នោះ​គឺ រថ​យន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែន​ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​2A​A.71​35 ដែល​បើក​បរ​ដោយ​បុរស​ម្នាក់​ទំនង​ជា​ស្រ​វឹង ហើយ​បើក​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង ល្បឿន​យ៉ាង​លឿន ខណះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ ដោយ​សា​តែ​ផ្លូវ​កោង ហើយ​អ្នក​បើក​បរ​មិន​ព្រម​បន្ថយ​ល្បឿន​ផង​នោះ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​និង​បង្គោល​ភ្លើង​បាក់​អស់​១​ដើម និង​ដើម​ឈើ​បាក់​អស់​១​ដើម ធ្វើ​ឲ្យ​រថ​យន្ត​បង្ក​ក្រ​ឡាប់​កាប់​ផ្ងារ​ជា​ច្រើន​ជុំ ខ្ទៀត​ចូល​ផ្ទះ​លក់​ទឹក​ដោះ​គោ បណ្ដាល​ឲ្យ​រថ​យន្ត​រង​ការ​ខូច​ខាត ។ ចំ​ណែក​ឯ​អ្នក​បើក​បរ​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ។

ក្រោយ​ពេល​កើត​ហេតុ បុរស​ដែល​រង​របួស​ធ្ងន់​នោះ ត្រូវ​បាន​រថ​យន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​មន្ទី​ពេទ្យ​ឯក​ជន​ជួយ​សង្គ្រោះ​ភ្លាម​ៗ​បន្ទាប់​មក​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ និង​ទំនាក់​ទំនង​ទៅ​ជំ​នាញ​ចរា​ចរណ៍​ជើង​គោក​រាជធា​នី​ភ្នំ​ពេញ ឲ្យ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថ​យន្ត​បង្ក​ខាង​លើ​ទៅ​រក្សាទុក នៅ​កា​រិ​យា​ល័យ​ចរា​ចរណ៍​រាជធា​នី​ភ្នំពេញ​រង​ចាំ​ដោះ​ស្រាយ​គ្នា​ទៅ​តាម​នី​តិ​វិធី​ច្បាប់​៕

រូបភាព៖
IMG-20170327-WA0003
IMG-20170327-WA0004
IMG-20170327-WA0002
IMG-20170327-WA0000