សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឆ្មក់បង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយ ឃាត់ខ្លួនមនុស្ស២នាក់ក្នុងនោះមានអ្នកកាសែតម្នាក់ ដកហូតថ្នាំញៀន៣០កញ្ចប់តូចនិង៤កញ្ចប់ធំ

រាជ​ធា​នី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ចំនួន​២​នាក់​ក្នុង​នោះ​មាន​អ្នក​កាសែត​ម្នាក់ ដែល​ជា​មុខ​សញ្ញា​ចែក​ចាយ​គ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឆ្មក់ធ្វើការចាប់ខ្លួនបានដកហូតថ្នាំ ញៀន ៣០កញ្ចប់តូចនិង៤កញ្ចប់ធំ រួមនិងវត្ថុតាងមួយចំនួនធំទៀត។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើនេះ មានការដឹកនាំកម្លាំងដោយលោក ម៉េង វិមានដារ៉ា អធិការរងទទួលបន្ទុកផ្នែកបង្ក្រាបបទល្មើសគ្រឿងញៀនសហការជា មួយនឹងកម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ រួមនិងនគរបាលប៉ុស្តិ៍ចាក់ អង្រែក្រោម ចុះធ្វើការឆ្មក់ឡោមពទ្ធ័បង្ក្រាបទីតាំងខាងលើនេះ ដែលជាទីតាំង របស់ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនសម្ងំលាក់ខ្លួន។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន បានជនសង្ស័យ២នាក់ ក្នុងនោះមានម្នាក់ជាអ្នកកាសែតឈ្មោះ អ៊ែល ធិរ៉ា ជាអ្នកយកព័ត៌មានឲ្យ សមាគមនអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាព និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះសមត្ថកិច្ចកំពុងសាកសួរ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការឆែកឆេររកឃើញវត្ថុតាងជាច្រើនរួមមាន
ថ្នាំញៀនចំនួន៣០កញ្ចប់តូច និង៤កញ្ចប់ធំ, ដាវស៊ាំម៉ូរ៉ៃចំនួន២ដើម ,កាំបិតចំនួន១ , ដែកកេះចំនួន១៩, អាយឌីចំនួន១, ទូរសព្ទ៣គ្រឿង ,ស្រោមកាំភ្លើង១, គ្រាប់កាំភ្លើងមួយចំនួន, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយចំនួន រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់ និងជួញដូរមួយចំនួនធំផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំ រឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

រូបភាព៖

IMG-20170324-WA0036IMG-20170324-WA0034
IMG-20170324-WA0037
IMG-20170324-WA0028
IMG-20170324-WA0033