លំនៅឋានពលរដ្ឋ ចំនួន ៤៥ខ្នងផ្ទះ ត្រូវអគ្គីភ័យឆាបឆេះគ្មានសល់នៅក្បែរស្ពានជ្រោយចង្វាក្នុងខណ្ឌដូនពេញ​

ភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋចំនួន ៤៥ខ្នងភាគច្រើនសង់ឡើងពីឈើប្រក់សង្គ័សី ជាប់ៗគ្នាត្រូវបានគ្រោះអគ្គីភ័យឆាបឆេះទាំងស្រុងក្នុងរយៈពេលជិត ៣ម៉ោង នៅចំណុចក្បែរ ស្ពានជ្រោយចង្វារ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នាវេលាម៉ោង ១៦ និង ០០នាទីល្ងាចថ្ងៃទី ១ ខែមិនា ឆ្នាំ២០១៧ ។

បើតាមសម្តីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងកើតហេតុអោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ មានផ្សែងខ្មួរខ្មាញ់ហ៊ុយឡើងលើប៉ុន្តែមិនដឹងថា ហ៊ុយចេញពីលំនៅឋានណាអោយពិត ប្រាកដឡើយ ព្រោះលំនៅឋានទាំងនោះ សង់ឡើងជាលក្ខណៈ ប្រមូលផ្តុំគ្នា ។ លុះមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែមានជាអណ្តាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅតែម្តង ធ្វើអោយអ្នកស្រុកភ័យស្លន់ស្លោរ នាំគ្នារត់ ជាន់ជើងគ្នា និងប្រមែប្រមូលអីវ៉ានមានតម្លៃ រត់ចេញពីលំនៅឋានរៀងខ្លួន​ ។ ដោយឡែកប្រជាពលរដ្ឋ ខ្លះនាំគ្នាយកទឹកជះពន្លត់អណ្តាតភ្លើង ប៉ុន្តែដោយសារស្ថានភាពភ្លើងឆាបឆេះកាន់តែខ្លាំង ប្រជាពលរដ្ឋ បានរាយការណ៍ទៅកាន់នគរបាលមូលដ្ឋានអោយជួយចុះអន្តរាគមន៍ ។

ភ្លាមៗ នោះ កម្លាំងអាជ្ញាធរចម្រុះ មានកម្លាំងប្រជាការពារ នគរបាល រួមកម្លាំងអាវុធហត្ថដឹកនាំផ្ទាល់ដោយលោក​ សុខ​ ពេញវុធ អភិបាលខណ្ឌដូនពេញ​ សហការជាមួយកងកម្លាំងបង្កានឹងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន​ នគរបាលរាជធានីភ្នំពេញ​ នឹងរថយន្តពន្លត់អគ្គីភ័យមកពីអង្គភាពចម្រុះផ្សេងៗ ជាច្រើនគ្រឿងបានចុះ អន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយទាញទុយោទឹកចូលទៅបាញ់ស្រោចកន្លែងឆាបឆេះ ដើម្បីពន្លត់អណ្តាតភ្លើង ។ ក្នុងការឆាបឆេះខាងលើនេះដែរ គេសង្គេតឃើញកម្លាំងសមត្ថកិច្ចជំនាញ បានខិតខំព្យាយាមយ៉ាងយកចិត្តទុក ដាក់ ក្នុងការបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង យ៉ាងស្វ័តស្វែងបំផុត ប៉ុន្តែបើទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាង ណាក៏ដោយ ក៏លំនៅឋានជាច្រើនខ្នងផ្ទះ ត្រូវឆាបឆេះអស់ទាំងស្រុងទៅហើយដែរ ។
ក្រោយពីអន្តរាគមន៍ពន្លត់អគ្គិភ័យនេះអោយរលត់សូន្យសុងទៅវិញហើយនោះ​ លោក​ សុខ​ ពេញវធ​អភិបាលខណ្ឌដូនពេញ​ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាលំនៅឋានដែលត្រូវអគ្គីភ័យបំផ្លាញនៅពេលនេះ មានចំនួនជាង ៤០ខ្នងផ្ទះ ដែលលំនៅឋានទាំងនេះជាលំនៅឋានសង់ ឡើងពីឈើប្រក់សង្គ័សី សង់ជាប់ៗគ្នា ដូច្នេះហើយពេលមានករណី ឆាបឆេះវាងាយនឹង រាលដាលជាបន្តបន្ទាប់បង្កជាអណ្តាតភ្លើងឆាបឆេះបានរហ័សបំផុត បើទោះបីជា យើងប្រឹងប្រែង អន្តរាគមន៍យ៉ាងណាក៏ដោយ ។ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងជំនាញ បានបាញ់ទប់ស្កាត់ អណ្តាតភ្លើង អោយរលត់ទៅវិញផងដែរ ដោយមិនអោយមានការឆាបឆេះរាលដាលបន្តដល់លំនៅឋាន ជាប់ៗ ទីនោះ ។

ដោយឡែកលោកព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់គ្រោះមហន្តរាយអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានអោយដឹងថា ក្នុងការឆាបឆេះ ខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់ អគ្គីភ័យ សរុបទាំងអស់ ២៩គ្រឿង ឡើងចុះ៣២លើក និង ប្រើប្រាស់ពេលវេលាជាងជាច្រើនម៉ោង ទើបអាចគ្រប់គ្រង ស្ថានការណ៍ បាន ១០០ភាគរយ ។ ដោយឡែក ចំពោះមូលហេតុ នៃការឆាបឆេះ សមត្ថកិច្ចនៅមិនទាន់ អាចបញ្ជាក់បាននៅឡើយទេ រងចាំការធ្វើការស្រាវជ្រាវសិន ។

ក្នុងការឆាបឆេះដដែលនេះ លោកបន្ថែមថា សមត្ថកិច្ចមានការពិបាកច្រើន ក្នុងការបញ្ចេញរថយន្តពីកន្លែងរបស់ ខ្លួន មកកាន់កន្លែងកើតហេតុ ព្រោះយើងដឹងស្រាប់ហើយថា នាពេលល្ងាច គឺជាពេលវេលា ដែលមានការមមាញឹកខ្លាំងចំពោះចរាចរណ៍នៅលើដងផ្លូវសាធារណៈដូច្នេះទម្រាំរថយន្តពន្លត់អគ្គីភ័យមកដល់គឺមានការយឺតយ៉ាវក្នុងការបាញ់ពន្លត់ ។
មួយវិញទៀតនោះនៅកន្លែងកើតហេតុ គឺស្ថានភាពច្រកចូល មានលក្ខណៈតូច ចង្អៀតបំផុត ដែលអាចអោយរថយន្តរបស់ជំនាញ ចូលទៅបានតែ១គ្រឿង ទៅ២គ្រឿងប៉ុណ្ណោះ ដូច្នេះហើយ សមត្ថកិច្ចមិនអាចចូលរថយន្តទៅខាងក្នុងបានឡើយ មានតែតម្រាបរថយន្តទុកនៅលើផ្លូវជាតិ និងដាក់ទុយោ តចូលគ្នាទៅបាញ់ទប់ស្កាត់អណ្តាតភ្លើងប៉ុណ្ណោះ ហើយការធ្វើបែបនេះ ច្បាស់ណាស់ថាត្រូវប្រើថេរៈវេលាយូរ ក្នុងការបាញ់ទប់ស្កាត់ ។
ក្នុងការបាញ់ទប់ស្កាតអណ្តាតភ្លើងនោះដែរ ក៏បានការចូលរួមយ៉ាងល្អ ពីសំណាក់ កាណូតទឹករបស់ជំនាញអន្តរាគមន៍ជើងទឹកប្រចាំស្ពានជ្រោយចង្វារ ចូលរួមផងដែរ ។

លោកព្រហ្ម យ៉ត បានបញ្ជាក់ថែមទៀតថា គិតចាប់ពីដើមខែមករា ឆ្នាំ២០១៧ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០១៧ ដដែលនេះសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញមានគ្រោះមហន្តរាយអគ្គីភ័យកើតឡើងចំនួន ១៤ករណី ហើយប៉ុន្តែក្នុងនោះពុំមានបណ្តាលអោយមានប្រជាពលរដ្ឋណាម្នាក់ត្រូវរងរបួស ឬស្លាប់ឡើយ ។ ក្នុងការឆាបឆេះទាំង ១៤លើកនេះ ភាគច្រើនគឺបណ្តាលមកពីបញ្ហាឆ្លងចរន្តអគ្គីសនី ។
បើទោះបីយ៉ាងអាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងត្រូវមានការប្រុងប្រយ័ត្នបំភុតចំពោះការប្រើប្រាស់ប្រព័ន្ធខ្សែភ្លើង​ នឹងធុងហ្គាសផ្សេងៗធុប​ ទៀន​ ​ ព្រោះវាអាចងាយនឹងធ្ចើអោយកើតមានអគ្គិភ័យខ្លាំងណាស់​ ៕

FB_IMG_1488965810486
FB_IMG_1488965812523