តុលា​ការ​នឹង​ប្រកាស​សាល​ក្រម​រឿង ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​ចុង​ខែ​មីនា

ភ្នំពេញ៖ លោក លី សុផាណា អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​តាម​បណ្ដាញ​ទំនាក់​ទំនង​ Te​le​gr​am ថា “ក្រោយ​ពី​បញ្ចប់​សវនាការ​រឿង​ក្តី​ឃាតកម្ម​លើ​លោក កែម ឡី នា​ថ្ងៃ​នេះ សាលា​ដំបូង​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ២០១៧ ពេលព្រឹក”។

ថ្លែង​នៅ​ក្នុង​អង្គ​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​១ ​ខែ​មីនា ​ឆ្នាំ២០១៧​នេះ ជន​ជាប់​ចោទ​ឈ្មោះ ជួប សំលាប់ បាន​អះអាង​ថា ខ្លួន​បាន​បាញ់​សំលាប់​លោក​បណ្ឌិត កែម ឡី ពិត​មែន ព្រោះ​ខឹង​មិន​ព្រម​សង​លុយ​ ៣០០០​ដុល្លារ។ ជន​ជាប់​ចោទ​ បញ្ជាក់ ​ខ្លួន​មាន​ឈ្មោះ ជួប សំលាប់ តាំង​ពី​កំណើត និង​បច្ចុប្បន្ន​សាច់​ញាតិ​បាន​ស្លាប់​អស់​ហើយ។ ព្រោះ​តែ​ភាព​ក្រី​ក្រ​រូប​គេ​ធ្លាប់​បាន​ចូល​ទៅ​រស់​នៅ​បន្ទាយ​ទាហាន​មួយ​ (មិន​បញ្ជាក់​ទីតាំង​) ដើម្បី​ធ្វើ​ជា​អ្នក​ដាំ​បាយ យក​បាយ​ហូប និង​នៅ​ទី​នោះ​ហើយ​ដែល​ខ្លួន​បាន​រៀន​បាញ់​កាំភ្លើង​បាន​យ៉ាង​ស្ទាត់​ជំនាញ។ ជន​ជាប់​ចោទ​បាន បន្ដ​ថា រូប​គេ​បាន​ទៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​កម្មករ និង​ធ្លាប់​សុំ​អំពៅ​គេ​ហូប​ជំនួស​បាយ​ទៀត​ផង។

ជួប សំលាប់ ថា​កាំភ្លើង​ដែល​គេ​ប្រើ​ដើម្បី​បាញ់​សំ​លាប់​លោក​បណ្ឌិត កែម ឡី គឺ​រូប​គេ​ទិញ​ពី​ប្រទេស​ថៃ ​តម្លៃ ​៥ម៉ឺន​បាត។
ប៉ុន្តែ​នៅ​ក្នុង​សវនាការ​នា​ព្រឹក​នេះ ជួប សំលាប់ ថា​រូប​គេ​មិន​បាន​ចាំ​សម្លៀក​បំពាក់​ដែល​លោក​បណ្ឌិតកែម ឡី ស្លៀក​ក្នុង​ថ្ងៃ​ស្លាប់​នោះ​ទេ បើ​ទោះ​បី​ជា​នៅ​មុន​ពេល​បាញ់​សំ​លាប់​ជន​រង​គ្រោះ រូប​គេ​បាន​ដើរ​មើល​ និង​កត់​សម្គាល់ អត្ត​សញ្ញាណ​ជន​រង​គ្រោះ​យ៉ាង​ច្បាប់​ក៏​ដោយ។ក្រោយ​ពេល​បាញ់​សម្លាប់​ជន​រង​គ្រោះ រូប​គេ​បាន​រត់​ចេញ ហើយ​ក៏​មាន​ជន​មិន​ស្គាល់​មុខ​ដេញ​បាញ់​រូប​គេ​សម្លាប់​ដែរ​ ប៉ុន្តែ​បាញ់​មិន​ត្រូវ។
លោក លាង សំណាត់ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ចៅក្រម​ជំនុំជម្រះ
២-លោក លី សុផាណា ជា​តំណាង​អយ្យការ
៣-លោក សុខ សេង ជា​ក្រឡាបញ្ជី

ជន​ជាប់​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ភេទប្រុស កើត​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៧២ ត្រូវ​បាន​លោក លី សុផាណា តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ ឃាត​កម្មគិត​ទុក​ជា​មុន និង​បទ កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត យោង​តាម​មាត្រា ២០០ និង​មាត្រា ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ។
គួរ​រំលឹក​ថា ជន​ជាប់​ចោទ​ឈ្មោះ អឿត អាងជួប សំលាប់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បាន​បាញ់​សំ​លាប់​ជន​រង​គ្រោះ​ឈ្មោះ កែម ឡី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខ​របរ ប្រធាន​អង្គ​ការ​អភិវឌ្ឍន៍​សង្គម និង​ជា​ស្រាវ​ជ្រាវ​បញ្ហា​សង្គម មាន​ទី​លំ​នៅផ្ទះ​លេខ​០៨​E0​ ផ្លូវ​លេខ​៣៩២ សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ក្នុង​ស្តា​ម៉ាត របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច បូក​គោ​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន កាល​ពី​វេលា​ម៉ោង​៨ ​និង​៥០​នាទី ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦៕

chubb somlab 04Chub somlab01chub somlab03chub somlab02 (2)