អាជ្ញាធរខណ្ឌមានជ័យនឹង អង្គការមូលនិធិពុទ្ធសាសនាឆឺជី-កម្ពុជាចុះពិនិត្យលំនៅឋានប្រជាពលរដ្ឋដែលខូចខាតដោយទឹកជំនន់​ហើយបន្តចែកអំណោយដល់ពលរដ្ឋក្រីក្រចំនួន១៥៩គ្រួសារ

ភ្នំពេញ​ ៈ​ ប្រជាពលរដ្ឋមានលំនៅដ្ឋានតាមបណ្តោយប្រឡាយស្ទឹងមានជ័យ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ចំនួន១៥៩គ្រួសារដែលបានទទួលរងការលិចលង់ផ្ទះសំបែងដោយសារទឹកភ្លៀងកាលពីពេលថ្មីៗកន្លមកនេះ បានទទួលអំណោយសប្បុរសធម៌ ពីអង្គការមូលនិធិ ពុទ្ធសាសនា ឆឺជី-កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែតុលានេះ ដែលក្នុង១គ្រួសារ ទទួលបាន អង្ករចំនួន២០គីឡូក្រាម រួមនឹងគ្រឿង សំរាប់បរិភោគមួយចំនួនទៀត ដូចជា ប្រេងឆា,ស្ករស,​និងអំបិលជាដើម។
តំណាងអង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា បានអោយដឹងថា អង្គការនេះ បានបង្កើតឡើងដំបូង នៅតៃវ៉ាន់ គឺជាមូលនិធិពុទ្ធ សាសនាក្រៅរដ្ឋាភិបាល បង្កើតឡើងដោយ ភិក្ខុនី​ ជីង យៀន ។ ឆឺជី អនុវត្តតែការងារមួយ គឺការសាបព្រួសគ្រាប់ពូជនៃក្តីស្រឡាញ់បំផុត, ក្តីស្រឡាញ់របស់មនុស្សម្នាក់ៗ និងគោរពសាសនា នៃមនុស្សម្នាក់ៗរៀងៗខ្លួន។ ឆឺជី តែងប្រកាន់ខ្ជាប់នូវ ស្មារតី ចុះចែកចាយ ជូនប្រជាពលរដ្ឋដែលខ្វះខាត ដោយផ្ទាល់ដៃ។ អំណោយដែលបានយកមកចែកជូន បានមកពីសណ្តានចិត្តសប្បុរសធ៌ម របស់សប្បុរសជន ជាច្រើននៅ តៃវ៉ាន់។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដែលបានអញ្ជើញចូលរួម ចែកអំណោយដល់ប្រជាពលរដ្ឋទាំង១៥០គ្រួសារនេះ , ក្នុងនាមរដ្ឋបាលខណ្ឌ និង ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ បានថ្លែងអំណរគុណ ដល់ អង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា​ ដែលបាននាំយក អំណោយសប្បុរសធម៌ មកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌមានជ័យនាពេលនេះ, ដែលនេះបានបង្ហាញអោយឃើញពីសណ្តានចិត្តនៃក្តីស្រឡាញ់រវាងមនុស្សផងគ្នា ជាពិសេសអ្នកដែលមានទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ លោកអភិបាលខណ្ឌ ក៏បានលើកឡើងផងដែរថា៖ ការងារមនុស្សធម៌នេះ អាជ្ញាធរមូលដ្ឋាន ក៏តែងតែបានអនុវត្តជាប់ជាប្រចាំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ មិនអោយពលរដ្ឋណាម្នាក់ រងគ្រោះដោយគ្មានអាហារហូបចុក ហើយអាអាជ្ញាធរមូលដ្ឋានមិនបានដឹងលឺនោះឡើយ៕

image image image image image image