អភិបាលខណ្ឌមានជ័យជួបសំណេះសំណាលនឹងផ្តល់រង្វាន់ដល់សិស្សវិទ្យាល័យ​ ហ៊ុនសែន​ ចាក់អង្រែ​ដែលប្រឡងជាប់និទ្ទេសA

ភ្នំពេញ​ ៈ​ នារសៀលថ្ងៃទី១៣​ ខែ​ តុលា​ ឆ្នាំ២០១៦​ ខណ្ឌមានជ័យបានធ្វើពិធី​សំណេះសំណាល​ និង​ចែក​រង្វាន់​ ដល់​សិស្ស​វិទ្យាល័យ​ ហ៊ុន​ សែន​ ចាក់អង្រែ​ ដែល​ប្រឡង​ជាប់​ សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ទទួល​បាន​និទ្ទេស​ A ឆ្នាំ​សិក្សា​ ២០១៥-២០១៦​ ក្រោម​អធិបតីភាព​ លោក​ ពេជ្រ​ កែវមុនី​ អភិបាល​ខណ្ឌ​មានជ័យ​ តំណាង​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ និង​ ជា​ ប្រធាន​សសយក​រាជធានីភ្នំពេញ​ ពិធីនេះប្រព្រឹត្តនៅសាលប្រជុំនៃវិទ្យាល័យ​ ហ៊ុន​ សែន​ ចាក់អង្រែតែម្តង​ ។

លោកនាយកវិទ្យាល័យ បានបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ នាឆ្នាំនេះ សិស្សចូលរួមប្រឡង ចំនួន ២៤០នាក់ ជាប់ចំនួន ១៣៥នាក់ ស្មើ ៥៦.៣% ។ ក្នុងនោះ និទ្ទេស A ចំនួន ៤នាក់ ស្រី២នាក់, និទ្ទេស B ចំនួន ៤នាក់ និទ្ទេស C ចំនួន ១៨នាក់ ស្រី ១១នាក់ និទ្ទេស D ចំនួន ២២នាក់ ស្រី១៣នាក់ និទ្ទេស E ចំនួន ៨៧នាក់ ។

លោក ឡុង ង៉ែត អភិបាលរងខណ្ឌ និងជាប្រធាន សសយក ខណ្ឌមានជ័យ បានអោយដឹងថា រង្វាន់របស់លោក សាយ សំអាល់ ដែលត្រូវយកមកផ្តល់ជូននាពេលនេះ រួមមាន ៖ និទ្ទេស A លេខ១ ទទួលបាន អាយផេក១គ្រឿង និងថវិកា ៤០មឺុនរៀល ព្រមទាំងប័ណ្ណសរសើរ ១សន្លឹកនិទ្ទេស A លេខ២ ទទួលថវិកា ៦០មឺុនរៀល និងប័ណ្ណសរសើរ ១សន្លឹក និទ្ទេស A លេខ៣ ទទួលបានថវិកា ៤០មឺុនរៀល និងប័ណ្ណសរសើរ ១សន្លឹក និងនិទ្ទេស A លេខ៤ ទទួលបានថវិកា ៣០ម៉ឺនរៀល និងប័ណ្ណសរសើរ ១សន្លឹក ។ ជាមួយគ្នានេះ វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ក៏ទទួលបានកុំព្យូទ័រ ១ឈុត ម៉ាសុីនព្រីនធ័រ ១គ្រឿង និងថវិកា ១លានរៀលផងដែរ ។
​ ក្នុងពិធីសំណេះសំណាលខាងលើនេះលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យបានកោតសរសើរយុវសិស្សទាំងអស់ដែលប្រឡងជាប់បាក់ឌុបនាឆ្នាំនេះ​ ជាពិសេសយុវសិស្សដែលខិតខំប្រឹងរៀនសូត្ររហូតប្រឡងជាប់និទ្ទេស​A​ ហើយលោកក៏បានលើកទឹកចិត្តដល់ប្អូនសិស្សានុសិស្សដែលប្រឡងធ្លាក់អោយខិតខំបន្តការសិក្សាបន្ថែមទៀតដើម្បីត្រៀមប្រឡងនៅឆ្នាំក្រោមទទួលបានជោគជ័យ។
​ ថ្លែងក្នុងអង្គពិធីលោកអភិបាលខណ្ឌបានថ្លែងអំណរគុណលោកគ្រូអ្នកគ្រូទាំងអស់​ក្នុងវិទ្យាល័យ​ ហ៊ុន​ សែន​ ចាក់អង្រែដែលបានបណ្តុះបណ្តាលបង្ហាត់បង្រៀនដល់សិស្សានុសិស្សរហូតពួកគេទទួលបានចំណេះដឹងខ្ពស់អាចប្រឡងបាក់ឌុបជាប់​ ថែមទាំងប្រឡងបាននិទ្ទេសAទៀតផង​ ។ លោកអភិបាលខណ្ឌក៏បានផ្តាំផ្ញើដល់ប្អូនៗសិស្សទាំងអស់​ត្រូវបន្តខិតខំរៀនសូត្របន្ថែមទៀត​ ព្រោះប្អូនៗជាទំពាំងស្នងឬស្សីទៅថ្ងៃខាងមុខដូច្នេះ​ប្អូនត្រូវមានចំណេះដឹងខ្ពស់​ នឹងសមត្ថភាពពិតប្រាកដ​ ដើម្បីបន្តវេនរៀមច្បង​ ហើយត្រូវជៀសអោយឆ្ងាយពីអំពើអប្បាយមុខដែលសង្គមស្អប់ខ្ពើម​ ដូចជាជក់ថ្នាំញៀន​ លេងល្បែងសីុ​ ផឹកសីុអាវ៉ាសែ​ ធ្វើជាចោរឆក់​ ចោរប្លន់​ ។ ល។

image image image image image image