ប្រជាពលរដ្ឋដែលបានធ្វើប័ណ្ណបើកបរម៉ូតូអាចដកយកប្រាក់វិញបាន

 

 

Hun senនៅប៉ុន្មាន​ម៉ោងមុននេះលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាអោយប្រជាពលរដ្ឋ​ដែល​បាន​បង់ប្រាក់​ធ្វើ ឬ​អ្នក​ដែល​បានធ្វើ​​ប័ណ្ណបើកបរ​ម៉ូតូ​ប្រភេទ​​​កម្លាំង​១២៥​សេ​សេ​ចុះក្រោម អាច​ទៅ​បើកប្រាក់​វិញ​បាន បន្ទាប់​ពី​រដ្ឋាភិបាល​ស​ម្រេច​លុបចោល​មិន​តម្រូវឲ្យ​អ្នកបើកបរ​ម៉ូតូ​ប្រភេទ​នេះ​មាន​ប័ណ្ណបើកបរ​។​

ជា​ការឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោកថា​៖ “​ប្រសិនបើ​ប្រជាពលរដ្ឋ​បាន​បង់​លុយ​សម្រាប់​ថ្លៃ​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ (125CC​ចុះក្រោម​) រួចហើយ ហើយ​ការសម្រេច​ថ្មី​នេះ​បាន​កំណត់​មិន​អោយ​បង់លុយ​ថ្លៃ​ប័ណ្ណបើកបរ គឺ​សូម​ប្រជាពលរដ្ឋ​មក​ទទួល​ប្រាក់​វិញ​គ្រប់ៗ​គ្នា​”​។​

លោកបន្តរទៀតថា៖ “​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​ប័ណ្ណបើកបរ​ម៉ូតូ​រួចហើយ (125CC ចុះក្រោម​) ប្រសិនបើ​មាន​បំណង​ចង់​ទទួលយក​លុយ​វិញ គឺ​រាជរដ្ឋាភិបាល​នឹង​បង់​ថវិកា​សង​វិញ​គ្រប់​ចំនួន​ទៅ​តាម​តម្លៃ​ផ្លូវការ​ដែល​បាន​បង់​រួច​ពី​មុន​”​។​

លោកបន្ថែមថា លោក​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​សហការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ចាត់វិធានការ​លើ​បញ្ហា​នេះ​ឲ្យបាន​ឆាប់​បំផុត​។​