សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានក្រើនរំលឹកជាថ្មី ដល់បងប្អូនកូនក្មួយដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានក្រើនរំលឹកជាថ្មី ដល់បងប្អូនកូនក្មួយដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមដែលកំពុងពេញនិយមនៅប្រទេសកម្ពុជា គឺ Facebook ធ្វើយ៉ាងណាចៀសវាងការប្រើប្រាស់ពាក្យអសុរោះ ជេរប្រមាថ ប្រើពាក្យបញ្ឆេះកំហឹងពូជសាសន៍ បញ្ឆេះឲ្យមានអំពើហិង្សា និងអសីលធម៌។ល។ សម្ដេច ហ៊ុន សែន បញ្ជាក់ថាសម្ដេចក៏ជាជនរងគ្រោះម្នាក់ផងដែរ ដែលត្រូវបានគេជេរប្រមាថ មាក់ងាយ និងបរិហារកេរ្តិ៍ នៅលើបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមនេះ ហើយសម្ដេចបានអំពាវនាវថា សុំអ្នកដែលជេរសម្ដេចឈប់ទៅ ទាន់លោកទុកឱកាសឲ្យ ព្រោះបើលោកប្តឹងទៅសមត្ថកិច្ចវិញ គឺគេអាចរកឃើញភ្លាមៗ និងអាចប្រឈមការចាប់ខ្លួនដើម្បីយកមកអនុវត្តទោស យ៉ាងយូ ៧ ម៉ោង។

យោងតាមការអត្ថាធិប្បាយរបស់ប្រមុខរដ្ឋាភិបាលខាងលើ អាចថាជាផ្នែក១នៃការពង្រឹងសីលធម៌សង្គម និងជាការពញ្ញាក់អារម្មណ៍ដល់មហាជន ជាពិសេសយុវជន និងអ្នកនយោបាយដែលបានកំពុងប្រើប្រាស់បណ្តាញសង្គម Facebook ត្រូវប្រកាន់យកឥរិយាបថថ្លៃថ្នូរ ហើយរាល់ខ្លឹមសារ និងរូបភាពដែលខ្លួនគេម្នាក់ៗបានបង្ហោះផ្សព្វផ្សាយ ធ្វើយ៉ាងណាត្រូវគេចឲ្យផុតពីការប្រឈមចំពោះផ្លូវច្បាប់។

យោងតាមរដ្ឋធម្មនុញ្ញមាត្រា ៤១ បានចែងថា សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងបោះពុម្ពផ្សាយ មនុស្សគ្រប់រូបអាចប្រើប្រាស់សេរីភាពនេះបានយ៉ាងទូលំទូលាយ ដរាបណាមិនប៉ះពាល់កិត្តិយសរបស់អ្នកដ៏ទៃ ដល់ទំនៀមទន្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ។ ប៉ុន្តែការប្រើប្រាស់សេរីភាពខាងបញ្ចេញមតិ និងការយកចិត្តទុកដាក់អំពីកេរ្តិ៍ឈ្មោះអ្នកដ៏ទៃ ឬអំពីសណ្តាប់ធ្នាប់សាធារណៈ បែរជាមានមនុស្សខ្លះបានរំលោភបំពាននូវសិទ្ធិសេរីភាពនេះ ហើយយកទៅវាយប្រហារអ្នកដ៏ទៃដោយទុច្ចរិត។

តាមការស្រាវជ្រាវបានឲ្យដឹងថា បទល្មើសដែលទាក់ទងនឹងការជេរប្រមាថ គឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៣០៧ បានចែងថា៖ គ្រប់ពាក្យជេរប្រមាថ គ្រប់ពាក្យមើលងាយ ឬ គ្រប់ពាក្យទ្រគោះ ជាអំពើនៃការជេរប្រមាថ (មានន័យថាទោះបីជេរតាមមធ្យោបាយណាក៏ដោយ ឧទាហរណ៍៖ តាមរយៈការស្រែកដោយផ្ទាល់ ទូរស័ព្ទ តាមសារព័ត៌មាន តាមបណ្តាញសង្គមគឺត្រូវបានច្បាប់ចាត់ទុកថាជាការជេរប្រមាថផងដែរ)។ មាត្រា៣០៧នៃច្បាប់នេះដែរ បានចែងថា ជនល្មើសត្រូវពិន័យជាប្រាក់ពី ១០០.០០០រៀល ទៅ ១០.០០០.០០០រៀល ក្នុងករណីប្រមាថធ្ងន់ធ្ងរ មាត្រា៣១០នៃច្បាប់នេះចែងថា ជនល្មើសអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ថ្ងៃទៅ៨ថ្ងៃ៕

3 2 1