គណៈបញ្ជាការឯកភាពសង្កាត់ក្បាលកោះ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ឃាត់ ខ្លួនមនុស្ស ៤នាក់

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ១៥ និង ០០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ គណៈបញ្ជាការឯកភាពសង្កាត់ក្បាលកោះ ក្នុងនោះរួមមានមន្ត្រីសាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ជាច្រើនរូប បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចផ្ទះគ្មានលេខ ស្ថិតតាម បណ្តោយផ្លូវប៉េតុង ក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយធ្វើការឃាត់ខ្លួន មនុស្ស៤នាក់ ( មានម្នាក់ជាម្ចាស់ទីតាំង ) និងដកហូតទូហ្គេមមួយចំនួន ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អោយដឹងថា ក្នុងមុនឈានដល់ការចុះបង្ក្រាប គឺសមត្ថកិច្ចបានស្រាវជ្រាវ តាមដានមករហូតមកទល់នឹងថ្ងៃកើតហេតុ ដោយដឹងច្បាស់ពីទីតាំងខុសច្បាប់ខាងលើ ទើបកម្លាំង គណៈបញ្ជាការឯកភាពសង្កាត់ មានកម្លាំងមន្ត្រីសាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ បានចុះទៅ បង្ក្រាបបានជាក់ស្តែងតែម្តងទៅ ខណៈពួកគេកំពុងអង្គុយលេងយ៉ាងសប្បាយ ។

ក្នុងការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់នេះ សមត្ថកិច្ចបានធ្វើការដកហូតទូហ្គេមបាញ់ត្រី១ទូ , ទូហ្គេមប្រណាំងសេះ១ទូ , ទូហ្គេមតុក្តតា១ទូ ,ទូរទស្សន៍ចាស់៣គ្រឿង និងក្បាលចាក់ហ្គេម១ និងឃាត់ ខ្លួនមនុស្ស៤នាក់ ក្នុងនោះម្ចាស់អាជីវកម្មហ្គេមម្នាក់ឈ្មោះ ឃុត ហូវ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មុខរបរ បើកហ្គេម និងអ្នកលេងហ្គេម ០៣នាក់ទៀត : ១-ឈ្មោះ យឹម បូរិន ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មុខរបរ កម្មករសំណង់។ ២-ឈ្មោះ មឿន ភារ៉ា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មុខរបរ កម្មករសំណង់។ ៣-ឈ្មោះ ឡាយ សារ៉ាន់ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មុខរបរ គ្មាន។

ទោះជាយ៉ាងណាមិញ បច្ចុប្បន្នពួកគេទាំង៤នាក់ និងវត្ថុតាងទូហ្គេមដែលដកហូត ត្រូវបានបញ្ចូនទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត ៕

IMG_1896

IMG_1894

IMG_1898

IMG_1899