អាជីវករផ្សារទួលទំពូងរាល់ថ្ងៃភ័យខ្លាចមានអគ្គិភ័យឆេះផ្សារដោយសារអាជ្ញាធរឃុបឃិតនឹងប្រធានផ្សារអនុញាតអោយគេលក់គ្រឿងសមុទ្រអាំងនៅជុំវិញផ្សារ

ភ្នំពេញ ៖ បងប្អូនអាជីវករផ្សារទួលទំពូង នឹងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារទួលទំពូង បានបង្ហើបប្រាប់ ថា រាល់ថ្ងៃនេះពួកគាត់ភ័យខ្លាចតែកើតមានអគ្គិភ័យទេ ព្រោះរាល់ថ្ងៃនេះ នៅជុំវិញផ្សារ ត្រូវបាន ប្រធានផ្សារឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋានជួល កន្លែងផ្ញើម៉ូតូ កង រថយន្តទៅអោយអ្នករកសីុ លក់គ្រឿងសមុទ្រ គ្រប់ប្រភេទ ដោយដាក់លក់យ៉ាងអាណាធិបតេយ្យមិនខ្វល់ពីផលប៉ះពាល់ដល់ អ្នកណាឡើយ ។

អាជីវករផ្សារម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយរៀបរាប់ថា ក្រុមអ្នកលក់គ្រឿងសមុទ្រ អោយតែដល់ម៉ោង ៥ ល្ងាច ពួកគេបានដឹកជញ្ជូនសម្ភារៈ មកដាក់លក់ជុំវិញផ្សារដោយ មានចង្ក្រាន អាំងគ្រឿងសមុទ្រ ចង្ក្រានសម្រាបឆាម្ហូប នឹង ចំហុយត្រី គ្រប់ប្រភេទ ។ ហើយ បាន បង្កាត់ភ្លើងអាំង សាច់​នឹងដាក់ចង្រ្កានជាប់ជាមួយជញ្ចាំងផ្សារតែម្តង ។ ដូច្នេះពួកគាត់ជាអាជីវករភ័យខ្លាចតែថ្ងៃណាមួយ​មានគ្រោះថ្នាក់អគ្គិភ័យកើតចេញពីកន្លែងលក់គ្រឿងសមុទ្រនោះទេ។

បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋាន ខាងត្បូងជាប់ ផ្សារទួលទំពូង តាមបណ្តោយផ្លូវ ៤៥០ នឹងផ្លូវ ១៦៣ បានរអ៊ូរទាំថា រាល់ថ្ងៃនេះពួក គាត់រងផល ប៉ះពាល់ច្រើនណាស់តាំងពី អាជ្ញាធរ​នឹង​ប្រធាន​ផ្សារអនុញាតអោយមានការដាក់លក់ គ្រឿងសមុទ្រអាំងគ្រប់ប្រភេទនៅជុំវិញផ្សារទួលទំពូង ។ ហើយពេលដែលមានភ្ញៀវ ចូលបរិភោគអាហារនៅទីនោះម្តងៗ ម្ចាស់ទីតាំងបានអោយភ្ញៀវ ចតឡាន នឹងម៉ូតូ ចំមុខផ្ទះពួកគាត់ នឹងចតនៅលើកកំណាត់ផ្លូវបង្កការកកស្ទះចរាចរ នឹងពិបាកធ្វើដំណើរ​ចេញ​ចូលផ្ទះខ្លាំងណាស់ ជាពិសេស រាល់ទឹកស្អេះស្អាប ដែលសល់ពីការលាងសម្អាតគ្រឿងសមុទ្រ សាច់​ផ្សេងៗនោះ គឺ គេតែងតែជះមកលើកដងផ្លូវ បណ្តាលធុំក្លិនស្អុយ នឹង ហូរចូលក្រោមសំយ៉ាបផ្ទះពួកគាត់ ធ្វើអោយបាត់បង់អនាម័យ ប៉ះពាល់ដល់បរិស្ថាន ទៀតផង ។

លោក ថោង ថន ប្រធានផ្សារទួលទំពូង បានប្រាប់  តាមទូរស័ព្ទថា ជុំវិញការលើកឡើងរបស់ក្រុម អាជីករផ្សារនោះគឺលោកអះអាងថា រូបលោកនឹងអាជ្ញាធរផ្សារជាអ្នកអនុញ្ញាតអោយដាក់លក់ មិនមាន​ពាក់​ព័ន្ធជាមួយនឹងអាជ្ញាធរសង្កាត់ ខណ្ឌទេ ។ លោកបញ្ជាក់ថាមូលហេតុដែលជួលទីតាំងចំណតកង់ តាមផ្លូវលេខ ៤៥០ នឹង ផ្លូវលេខ ១៦៣​ អោយដាក់លក់គ្រឿងសមុទ្រអាំងនេះ គឺដើម្បីរំដោះការ​កក់ស្ទុះ ចរាចរនៅកែងផ្លូវលេខ ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ​ជាពិសេសថវិការ​ដែល​បាន​មកពីការជួលទីតាំងគឺរូបលោកយកទៅស្តារ លូនឹងប្រើប្រាស់តាមតម្រូវចាំបាច់ ។ ហើយលោកបន្ត បើអាជីករផ្សារណាដែលមិនពេញចិត្តសូមទៅជួបគាត់នៅស្នាក់ការផ្សារដើម្បីរកដំណោះស្រាយជូន ព្រោះលោកយកលេះថា បើមិនអោយគ្នាដាក់នៅកន្លែងនេះតើ​កន្លែងណាដែលអាចដាក់លក់បាន? ។

​គួរបញ្ជាក់ថា រាល់ថ្ងៃនេះគឺសង្កេតឃើញភោជនីយ៍ដ្ឋានរាប់រយកន្លែងនៅក្នុងភូមិសាស្រ្ត ខណ្ឌ ចំការមនកំពុងសប្បាយចិត្តនឹងការយកចំណីផ្លូវធ្វើអាជីវកម្ម ដោយមិនខ្វល់ពីផលប៉ះពាល់ ដល់ការ ធ្វើដំនើររបស់ប្រជាពលរដ្ឋទេ ហើយមើលទៅទំនងគ្មានខ្លាចញញើតនឹងអស់លោកអាជ្ញាធរមានសមត្ថ កិច្ចឡើយ។ ជាក់ស្តែងភោជនីយ៍ដ្ឋានដែលយីហោ ភូមិសាច់អាំង ១៦៨ ជាច្រើនសាខាជា​ពិសេស​សាខា​​ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ល្បីថាបើកអាជីកម្មគ្មានច្បាប់អនុញ្ញាត ហើយដល់យានជំនិះ​របស់ភ្ញៀវដូចជា ម៉ូតូ នឹង រថយន្ត ចតលើកដងផ្លូវស្ទើអស់ពាក់កណ្តាលផ្លូវអម​សងសាងសូម្បី​តែពេល​ខ្លះរថយន្តនឹងម៉ូតូអ្នក ដំណើរជៀសគ្នាមិនរួចផង ។ ជុំវិញបញ្ហានេះលោក ព្រំ សំខាន់ អភិបាលខណ្ឌ ចំការមនគួរមានវិធានការទប់ស្កាត់ដើម្បីបញ្ច្រៀការកក់ស្ទុះចរាចរណ៍ នឹងរក្សានៅសណ្តាប់ធ្នាប់សាធារ ណៈជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងមូលដ្ឋាននឹងក្រៅមូលដ្ឋាន ៕ ទុយម៉ែន