ស្រវឹងស្រាជិះម៉ូតូក្នុងល្បឿនលឿន បុករថយន្តគេខូចខាតហើយទាមទារឱ្យគេសងទៀត

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនបុករថយន្តកំពុងឆ្លងកាត់ផ្លូវពេញទំហឹង បណ្តាលឱ្យរងការខូចខាតហើយ បែរជាទាមទារឱ្យម្ចាស់រថយន្តសងខ្លួនវិញទៀត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៤៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

បើតាមការឱ្យដឹងពីសមត្ថកិច្ចម្នាក់ដែលកំពុងជិះល្បាតនៅក្នុងមូលដ្ឋានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញយុវជនម្នាក់ជិះម៉ូតូវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Z-6027 ជិះតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុបានបុកចំក្បាលរថយន្ត កាមេរីបាឡែណ ពណ៍ខ្មៅ ពាក់ស្លាកលេខរដ្ឋ08 2-0089 បើកតាមបណ្តោយផ្លូវលេខ១០៥ ដែលបើកបរ​ដោយ​នារី​ម្នាក់ ទិសដៅពីជើង​ទៅ​ត្បូង កំពុងឆ្លងផ្លូវយឺតៗបណ្តាលឱ្យរងការខូចខាត ។

ប្រភពដដែលបន្តថា បន្ទាប់ពី​បង្ក​ហេតុយុវជន​ម្នាក់នោះ បែរជារករឿងឱ្យខាងរថយន្តសងថ្លៃខូចខាត​ម៉ូតូរបស់ខ្លួនទៅវិញ ដោយបាននិយាយ ទៅកាន់នារីជិះរថយន្តទាំងស្ថានភាពស្រវឹង និងកាយវិការច្រង៉េងច្រងាង និងបានទំនាក់ទំនងទៅក្រុមគ្រួសារ ឱ្យមកថែទៀតផង ។ ប៉ុន្តែភាគីខាងរថយន្តមិនចង់មានរឿងវែងឆ្ងាយ រំខានដល់សមត្ថកិច្ច គឺគ្រាន់តែចង់បញ្ចប់រឿងតែត្រឹមនេះ ហើយនៅពេលក្រុមគ្រួសារយុវជនម្នាក់នោះមកដល់ ឃើញពីសភាពកូនរបស់ខ្លួនស្រវឹងដូច្នេះ ក៏ព្រមបញ្ចប់រឿងត្រឹមនេះតែម្តង ៕