បើករថយន្តក្នុងល្បឿនលឿងបួងចង្កូតជ្រុលទៅបុកបង្គោលស្តុបចរាចរណ៍និងរបងវិទ្យាល័យបឹងកេងកងបណ្តាលឱ្យធ្លាយ

ភ្នំពេញ៖រថយន្តកាមេរីមួយគ្រឿងបានបើកបរក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចផ្លូវបំបែកជា៤បានបួងចង្កូតបត់ស្តាំក៏ជ្រុលទៅបុកបង្គោលស្តុបចរាចរណ៍ពេញទំហឹងរប៉ើកបាក់និងរបងវិទ្យាល័យបឹងកេងកងបណ្តាលឱ្យធ្លាយចំណែករថយន្តរងការខូចខាតហើយអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង៥០នាទីយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៥ជាប់នឹងខាងកើតរបងវិទ្យាល័យ​បឹងកេងកងតាមបណ្តោយផ្លូវលេខ៣៦០កែងនឹងផ្លូវលេខ៦៣ស្ថិតក្នុសង្កាត់បឹងកេងកងទី១ខណ្ឌចំការមន។

ប្រភពពត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកាមេរីពណ៍ខ្មៅពាក់ស្លាកលេខ2Y-8989 បើកបរតាមបណ្តោយផ្លូវលេខ៦៣​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿន​យ៉ាងលឿនខណះមកដល់ចំណុចផ្លូវបំបែកជា៤កែងនឹងផ្លូវលេខ៣៦០រថយន្តបានបួងចង្កូតបត់ស្តាំមិនបង្អង់ល្បឿនបានបុកបង្គោលភ្លើងស្តុបចរាចរណ៍ពេញទំហឹងរប៉ើកបាក់និងបុករបងវិទ្យាល័យបឹងកេងកងបណ្តាលឱ្យធ្លាយប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសចំណែករថយន្តរងការខូចខាតយ៉ាងដំណំ​ ។ប្រភពបន្តថាបន្ទាប់ពី​បង្កហេតុមានបុរសម្នាក់និងនារី២នាក់ដែលជិះនៅក្នុងរថយន្តបានបើកទ្វាររថយន្តគេចខ្លួនបាត់តែម្តងដោយបន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ។

ពាក់ព័ន្ឋនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺសមត្ថកិច្ចបានប្រាប់ ថាយកទៅរក្សាទុកនៅ ការិយល័យ ​ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ប៉ុន្តែបែរជាមិនឃើញមានរថយន្តស្ទូចរបស់ខាង ចរាចរណ៍ ក្រុងមក​ស្ទូច នោះទេ បែរជារថយន្តស្ទូចរបស់ក្រុមហ៊ុនឯកជនមកស្ទូចទៅទៅវិញ ។ តើរថយន្តស្ទូចរបស់ចរាចរណ៍ក្រុងគ្មានឬយ៉ាងណា ? ឬរថយន្តបង្កនោះមិនយកទៅចរាចរណ៍ក្រុង ស្ទូចយកចូលការ៉ាសទេមើលទៅ ?

សូមបញ្ជាក់ផងដែរថាគ្រោះថ្នាក់​ចរាចរណ៍ខាងលើនេះគឺបង្កឡើងដោយសារតែអ្នកបើកបររថយន្តខាង លើបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នម៉្យាងវិញទៀតមកដល់ចំណុចផ្លូវបំបែកជា៤មិនបង្អ់ល្បឿនទើបបង្កឱ្យមានគ្រោះថ្នាក់ដូច្នេះនេះសំណាង​ហើយ​គ្រាន់​តែខូចខាតសម្បត្តិសាធារណៈមិនបង្កឱ្យមាន​នណារម្នាក់គ្រោះថ្នាក់នោះ៕