ឆេះ បន្ទប់ផ្ទុកឯកសារ ក្នុងទីតាំងអគ្គលេខាធិការដ្ឋានអាជ្ញាធរមីនកម្ពុជា បង្កការភ្ញាក់ផ្អើលទាំងព្រឹក

រាជធានីភ្នំពេញ ៖ បន្ទប់ផ្ទុកឯកសារការងារ នៃអាគារអគ្គលេខាធិការដ្ឋានអាជ្ញាធរមីនកម្ពុជា ត្រូវបាន អគ្គីភ័យឆាបឆេះ មួយប្រាវធំ ប៉ុន្តែមិនមានអណ្តាតភ្លើងធំដុំនោះទេ គ្រាន់តែឆាបឆេះជាលក្ខណៈផ្សែង ខ្មួរខ្មាញ់ បង្កអោយមានការភ្ញាក់ជាខ្លាំងដល់សមត្ថកិច្ច ក៏ដូចជារថយន្តពន្លត់អគ្គីភ័យ ចុះអន្តរាគន៍ភ្លាមៗ ដល់កន្លែងកើតហេតុ កាលពីវេលាព្រឹកម៉ោង ៩ និង ៤៥នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុច ទីស្នាក់ការ “ ទីស្នាក់ការអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន ” ដែលស្ថិតតាមបណ្តោយផ្លូវលេខ ២៧៣ ក្នុងក្រុមទី២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

យោងតាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលមានហេតុការណ៍កើតឡើង គឺគេសង្គេតឃើញមានផ្សែងខ្មួរខ្មាញ់ចេញពីក្នុង បន្ទប់ផ្ទុកឯកសារនៃអាគារ អគ្គលេខាធិការដ្ឋានអាជ្ញាធរ មីនកម្ពុជា ខណៈភ្លាមនោះបុគ្គលិកដែលធ្វើការនៅទីនោះបានដើរទៅមើល ស្រាប់តែឃើញមានអណ្តាត ភ្លើងឆាបឆេះឯកសារយ៉ាងខ្លាំងបង្កអោយ មានជាផ្សែងខ្មួរខ្មាញ់ហុយសាយភាយពាសពេញក្នុងបន្ទប់ ក៏ធ្វើអោយមានការភ្ញាក់ផ្អើលដល់ក្រុមបុគ្គលិកនៅទីនោះរត់ជាន់ជើងគ្នាប្រសាច ( អ្នកខ្លះប្រឹងប្រមូល ឯកសារដែលសេសសល់ និងអ្នកខ្លះទៀតព្យាយាមយកបំពង់ទឹក និងបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ អណ្តាតភ្លើង ) ។

ភ្លាមៗនោះផងដែរ រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាងច្រើនគ្រឿង បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ។ ហើយជាលិទ្ធផល ក្នុងរយះពេលជាង ១ម៉ោង សមត្ថកិច្ច បានធ្វើការបាញ់ទឹកពន្លត់អណ្តាតភ្លើង ក៏ដូចជាផ្សែងខ្មួរខ្មាញ់អោយរលត់សូន្យសុងទៅវិញ ដោយប្រើ ប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ១០គ្រឿង ។ ជុំវិញការឆាបឆេះនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលអោយមានភ្លើងឆាបឆេះ គឺបណ្តាលមកពី ទុស្សេចរន្តអគ្គីសនី ចេញពីបន្ទប់ផ្ទុក ឯកសារ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីនកម្ពុជា បន្ទាប់មកអណ្តាតភ្លើងបានឆាបឆេះក្រដាសឯកសារ ហើយបង្កអោយមានការឆាបឆេះយ៉ាងដូចនេះតែម្តងទៅ ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ចំពោះទំហំនៃការខូចខាតវិញ ភាគីច្រើនសុទ្ធតែជាសំណុំឯកសារចាស់ថ្មី ជាច្រើនត្រូវភ្លើងឆេះម៉ត់ ចំណែកទីតាំងខាងលើមិនត្រូវបានខូចខាតធ្ងន់ធ្ងរនោះទេ ដោយសារស្ថានភាព អាគារ គឺសង់ឡើងពីថ្ម ដូចនេះហើយអណ្តាតភ្លើងមិនងាយរាលដលឆាបឆេះឡើយ ៕ លីហេង

IMG_7360

IMG_7362

IMG_7369

IMG_7364

IMG_7367

IMG_7368

IMG_7363

IMG_7361

IMG_7366

IMG_7344