ចោរប្រដាប់អាវុធមួយក្រុមមានគ្នា៤នាក់ភ្ជង់ប្លន់យកម៉ូតូពីនារី២នាក់បានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖នារី២នាក់ត្រូវបានចោរមួយក្រុមប្រដាប់ដោយអាវុធខ្លីមួយដើមបានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូស្តុបពីបានសម្រេចខណះពួកនាងចេញពីធ្វើការនៅក្នុងភោជនីយដ្ឋានពីរ៉ាម៉ីតរួចគេចខ្លួនបាត់ដោយសុវត្ថិភាព​មិនរំ​ខាន​ដល់សមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៥តាមបណ្តោយផ្លូវ២៦៥ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក។

នារីជាជនរងគ្រោះបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុពួកនាងបានជិះម៉ូតូស្តុបពីពណ៍ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ1CA-9១83 ជិះឌុបគ្នាចេញពីកន្លែងធ្វើការក្នុងភោជនីយដ្ឋានពីរ៉ាមីតបំណងត្រឡប់ទៅផ្ទះវិញនៅម្តុំសំណង់១២ខណះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានជិះមកអែបនិងបានគៀរម៉ូតូជនរងគ្រោះឱ្យឈប់និងបានដកកាំភ្លើងខ្លីមួយដើមអាមេបញ្ចូលគ្រាប់ភ្ជង់ប្លន់ម៉ូតូពីនារីរងគ្រោះ។​ជនរងគ្រោះបានបន្តថាដោយមានការភ័យស្លន់ស្លោរពេកនោះពួកនាងបាននាំគ្នាផ្តួល​ម៉ូតូនិងរត់គេចយកតែរួចខ្លួនហើយក្រុមជនសង្ស័យខាងលើបានលើម៉ូតូជិះចេញទៅបាត់តែម្តង។

នៅក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធខាងលើនេះគឺមិនឃើញមានវត្តមានសមត្ថកិច្ចណាម្នាក់ចុះមកដល់កន្លែងកើតហេតុនោះទេគឺនារីរងគ្រោះទាំង២នាក់បានទំនាក់ទំនងទៅមិត្តភក្រ្តឱ្យមកយកទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣។សូមបញ្ជាក់ថានៅក្នុងភូមិសាស្រ្តខណ្ឌទួលគោកតែងតែកើតមាន​ករណីប្លន់កើតមានគួរឱ្យកត់សម្គាល់មិនដែលឃើញសមត្ថកិច្ចបង្ក្រាបមានម្តងណានោះទេធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់មានការភ័យខ្លាចយ៉ាងខ្លាំងដោយសារតែសមត្ថកិច្ចហាក់ដូចជាអសមត្ថភាពនិងមិនបានដាក់កម្លាំងចុះល្បាតនៅក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំនោះទេ។ហើយបើនៅតែដូច្នេះតើការអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលទៅជាយ៉ាងណា ? ជីម ភារ៉ា