ចោរមួយក្រុមមានគ្នា៨នាក់ជិះម៉ូតូ៤គ្រឿងដកដាវកាប់ប្លន់យកម៉ូតូសងសេរីឆ្នាំ២០១៥ បានសម្រេចគេច ខ្លួន បាត់ ដោយសុវត្ថិភាព

ភ្នំពេញ៖យុវជនម្នាក់ចេញពីកន្លែងបំណងត្រឡប់ទៅផ្ទះត្រូវចោរមួយក្រុមមានគ្នា៨នាក់ជិះម៉ូតូ៤គ្រឿងបានជិះម៉ូតូកាកពីមុខរួចបានធ្វើសកម្មភាពកាប់មកលើជនរងគ្រោះ២នាក់ប្លន់យកម៉ូតូបានសម្រេចគេចខ្លួនបាត់ដោយ​សុវត្ថិភាព។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៥នៅម្តុំព្រះគំលុងស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

ជនរងគ្រោះទី១មានឈ្មោះកេតសុធាអាយុ២២ឆ្នាំ (ជាម្ចាស់ម៉ូតូ) ជនរងគ្រោះទី២ឈ្មោះពៅតុលាអាយុ៣០ឆ្នាំអ្នកទាំង២មានមុខរបរជាសន្តិសុខដូចគ្នា។

ជនរងគ្រោះបានរៀបរាប់ឱ្យដឹងថានៅមុនពេលកើតហេតុពួកគេទាំង២នាក់បានជិះម៉ូតូឌ្រីមសេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១៥ពាក់ស្លាកលេខភ្នំពេញ1SB-3870ជិះពីកន្លែងធ្វើការនៅម្តុំផ្សាររាត្រីបំណងត្រឡប់ទៅផ្ទះវិញខណះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យ៨នាក់ជិះម៉ូតូ៤គ្រឿងបានជិះមកកាកពីមុខម៉ូតូនិងបានដកដាវ៣ដើមកាប់ទៅលើជនរងគ្រោះប៉ុន្តែជនរងគ្រោះទាំង២នាក់ភ័យពេកបានរត់ចោលម៉ូតូទើបក្រុមចោរទាំងនោះបានលើកម៉ូតូជិះចេញបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទាំង២នាក់ទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលរដ្ឋ​បាល​ស្រះចកនិងធ្វើការសួរនាំដើម្បីកំណត់មុខសញ្ញាតាមចាប់ក្រុមជនសង្ស័យ៕