បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់៤គ្រាប់ស្លាប់ នៅក្នុងហាងគុយទាវឆ្នាំងភ្លើងសឹងហ៊ឺភ្នំពេញ សង្ស័យរឿងគំនុំ

ភ្នំពេញ៖ បុរសជាប្រធានរដ្ឋបាលរោងចក្រម្នាក់ត្រូវបានខ្មាន់កាំភ្លើង២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម វាយក្បាល និងបាញ់​ប្រមារ​៤គ្រាប់ផ្ទួនៗទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗ សង្ស័យថាជារឿងគំនុំ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩នឹង២០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងហាង​គុយ​ទាវ​យីហោ ឆ្នាំងភ្លើងសឹងហ៊ឺភ្នំពេញ ខាងកើតវិទ្យាល័យបឹងកេងកង តាមបណ្តោយផ្លូវលេខ៦៣ កែងនឹង​ផ្លូវ​លេខ៣៩២ ​ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡោ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរ​ជា​ប្រ​ធា​នរដ្ឋបាល និងជាអ្នកបកប្រែភាសាចិន នៅក្នុងចក្រសីនម៉ា នៅតាមបណ្តោយផ្លូវវេងស្រេង ។

ប្រភពពត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេបានឃើញជនរងគ្រោះជិះម៉ូតូអាយខុន ពាក់ស្លាលេខភ្នំពេញ ជិះមកឈប់ជិតកន្លែងកើតហេតុ ហើយមានខ្មាន់កាំភ្លើង២នាក់បានដកកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក វាយក្បាលជនរងគ្រោះ ។ ពេលនោះជនរងគ្រោះបានរត់បំណងចូលទៅក្នុងហាងគុយទាវខាងលើ ដើម្បីឱ្យគេជួយ ប៉ុន្តែបានទាក់ជើងដួលនៅមុខហាង ហើយខ្មាន់កាំភ្លើងបានរត់ដេញតាម និងវាយជនរងគ្រោះ ពេលនោះក៏មានការប្រតាយប្រតប់គ្នាទៅវិញទៅមក រួចជនរងគ្រោះបានព្យាយាមងើបរត់ចូលទៅក្នុងហាង ប៉ុន្តែត្រូវខ្មាន់កាំភ្លើងតាមបាញ់ចំនួន៤គ្រាប់ បណ្តាលឱ្យដួលស្លាប់នៅក្នុងថ្លុកឈាមតែម្តង ។ ប្រភពបន្តថា នៅពេលប្រតាយប្រតប់គ្នានោះគេបានលឺជនរងគ្រោះស្រែកថា ( ចាំអញសងលុយវិញ ) និងស្រែកឱ្យគេឯងជួយ ប៉ុន្តែមិនមាននណារម្នាក់ហ៊ានចូលទៅជួយនោះទេ ព្រោះដោយសារតែឃើញកាំភ្លើង ហើយក្រោយពីបាន​បាញ់​ជន​រងគ្រោះ៤គ្រាប់រួចមក ពួកគេបានជិះម៉ូតូចេញទៅបាត់តែម្តង ។

មួយសន្ទុះក្រោយមកមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ បានចុះ មកដល់កន្លែង​កើតហេតុ និងបានធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ ។ សមត្ថកិច្ចបានឱ្យដឹងថា តាមការធ្វើកោសល្យវិច័យ ជនរងគ្រោះខាងលើ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំក្រោមថ្គាមខាងស្តាំ២គ្រាប់ ដើមដៃ​ក្រោមក្លៀកមួយគ្រាប់ និងក្រោមផ្ចិតមួយគ្រាប់ ។ ហើយការសន្និដ្ឋានជាដំបូងរបស់សមត្ថកិច្ច គឺជនរងគ្រោះ ត្រូវ​ខ្មាន់​កាំភ្លើងបាញ់សម្លាប់ សង្ស័យថាជារឿងគំនុំ ព្រោះពួ​កគេមិនបានយកទ្រព្យសម្បត្តិពីជនរងគ្រោះនោះទេ ។

បើតាមការសួរនាំទៅក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមិនដែលបង្កជំលោះទាស់ ទែងពាក់សម្តី ឬគំនុះគុំគួនជាមួយនណាម្នាក់នោះទេ គាត់ជាមនុស្សស្លូតបូត ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្វែងរកមុខសញ្ញាខ្មាន់កាំភ្លើងជាជនដៃដល់ទាំង២នាក់ និងអាចឈាន ទៅឆែកកាមេរ៉ាសុវត្ថិភាព ដែលនៅជិតកន្លែងកើតហេតុ ដើម្បីមើលពីសកម្មភាព និងកំណត់មុខសញ្ញាផងដែរ ៕