មន្រ្តីប៉េអឹមស្រវឹងស្រាបើករថយន្តបុករ៉ឺម៉កម៉ូតូកង់បី បណ្តាលឱ្យរបួសធ្ងន់ម្នាក់ រួចព្យាយាមបើករត់ត្រូវអ្នកដំណើរដេញឃាត់បាន

ភ្នំពេញ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារតែបុរសជាមន្រ្តីប៉េអឹមស្រវឹងស្រាបានបើករថយន្ត​បុករ៉ឺម៉កម៉ូតូកង់បីនៅចំណុចមុខសាលាសង្កាត់ស្ទឹងមានជ័យបណ្តាលឱ្យអ្នករត់រ៉ឺម៉ករងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយ​ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗរួចអ្នកបើករថយន្តបង្កបានព្យាយាមបើករត់ក៏ត្រូវបានអ្នកដំណើរដេញឃាត់បាន​នៅខាងកើតផ្សារដើមគរនៅចំណុចផ្លូវលេខ៣៤៨ស្ថិតក្នុងសង្កាត់ទួល​ស្វាយព្រៃទី២ខណ្ឌចំការមន​កាលពីវេលា​ម៉ោង​៩នឹង​៤០នាទីយប់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៥។

ប្រភពពត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមេរីពណ៍ក្រហម​ពាក់ស្លាកលេខបើកបរតាមបណ្តោយផ្លូវព្រះមុន្នីរ៉េតទិសដៅពីលិចទៅកើតរេពេញផ្លូវដោយក្នុង​រថ​យន្តនោះ​រួមដំណើរដោយបុរស២នាក់ជាមន្រ្តីប៉េអឹមខណះមកដល់ចំណុចកើតហេតុបានបុករ៉ឺម៉កកង់បីដែលជិះក្នុងទិសដៅ​បញ្ច្រាសគ្នាពេញទំហឹងបណ្តាលឱ្យបុរសជាអ្នកបើករ៉ឺម៉កកង់បីរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅ​សង្គ្រោះនៅមន្ទីរពេទ្យភ្លាមចំណែករ៉ឺម៉កកង់បីបានរងការខូចខាត។ប្រភពដដែលបានបន្តថាបន្ទាប់ពីបង្កហេតុ​អ្នកបើក​ប​ររថយន្តខាងលើបានព្យាយាមបើករត់ទាំងរថយន្តបែកកង់ខាងឆ្វេង​តាំងពីចំណុច​កើត​ហេតុ​រហូតដល់ខាងកើត​​ផ្សារដើមគរដល់ផ្លូវលេខ៣៤៨ក៏ត្រូវប្រជាពលរដ្ឋដេញឃាត់បានតែម្តង។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺមានប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាចោមរោមនិងបានរិះគន់យ៉ាង​ខ្លាំងទៅលើបុរសជាប៉េអឹមទាំង២នាក់សុតតែជាកម្លាំងសមត្ថកិច្ចប៉ុន្តែបែរជានាំគ្នាផឹកស៊ីស្រវឹងស្រាជោគជាំ​ហើយបង្កគ្រោះថ្នាក់ដល់អ្នកដទៃប៉ុន្តែបែរជាមិនមានការទទួលខុសត្រូវទៅវិញ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុដោយខ្លាចប្រជាពលរដ្ឋទប់កំហឹង​មិនបានអាចបង្កជាអំពើហិង្សានិងថែមទាំងនាំគ្នាដូរកង់រថយន្តដើម្បីបើករថយន្តនិងនាំជនបង្កទាំង២នាក់ទៅអធិការ​ដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយនាពេលក្រោយ៕

IMG_7384 IMG_7385 IMG_7386 IMG_7387 IMG_7388 IMG_7389 IMG_7390 IMG_7391