មកពីដើរលេង ជិះម៉ូតូឌុបគ្នាទៅផ្ទះបងស្រីយកឆ្នាំងសាកទូរស័ព្ទ ត្រូវចោរមួយក្រុមប្លន់យកម៉ូតូបានសម្រេចដោយ សុវត្ថិភាព

ភ្នំពេញ​ ៖ គូរសង្សារវ័យក្មេង២នាក់ ទើបតែចេញពីក្លឹបត្រឡប់មកផ្ទះបងស្រីយកឆ្នាំងសាកទូរស័ព្ទត្រូវ ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុម មានគ្នា៣នាក់ ជិះម៉ូតូសង់កូរ៉េមួយគ្រឿង ឌុបគ្នាមកធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ស៊ុយសីគីណិច បានសម្រេចដោយសុវត្ថិភាពនៅចំណុចទល់មុខផ្ទះ គ្មានលេខ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវប្រលាយលូ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងក្រុមទី៦ ភូមិភ្នាត សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១ និង ៤៥នាទីយប់ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ។

គូរសង្សារវ័យក្មេងទាំង២នាក់ ដែលរងគ្រោះក្នុងអំពើប្លន់ខាងលើមានឈ្មោះ ប៊ូ សិទ្ធិស៊េរី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកនារីជាសង្សារមានឈ្មោះ វត្តី នីតា ភេទស្រី អាយុ១៥ មុខរបរជាសិស្ស ។ អ្នកទាំង២ មិនត្រូវបានស្គាល់ទីលំនៅ ។

យោងតាមសម្តីរៀបរាប់របស់យុវជនជាសង្សារអោយដឹងថា ដំបូងឡើយពួកគេទាំង២នាក់ បាននាំគ្នាទៅកម្សាន្ត នៅក្លឹបមួយកន្លែង ដែលមានទីតាំងនៅក្បែរនឹងវិទ្យាល័យបាក់ទូក ។ លុះមកដល់វេលាម៉ោង ១​និង ៣០នាទី ពួកគេទាំង២នាក់បានចេញពីក្លឹបកម្សាន្តខាងលើ បំណងត្រឡប់ទៅផ្ទះ ដោយជិះម៉ូតូមួយគ្រឿងម៉ាកណិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CP-6407 ប៉ុន្តែដោយសារគ្មានឆ្នាំងសាកសម្រាប់ សាកថ្មទូរស័ព្ទ នារីជា សង្សារបានប្រាប់ ទៅយុវជនជាប្រុសស្នេហ៍ អោយជូនទៅខ្ជីឆ្នាំងសាកពីបងស្រីខ្លួន នៅចំណុចកើតហេតុខាងលើ ។ ខណៈមកដល់ចំណុចមុខផ្ទះ នារីជាសង្សារបានដើរចូលទៅក្នុងផ្ទះដើម្បីខ្ជីឆ្នាំង សាកបងស្រី ដោយទុកអោយ យុវជនជាសង្សារចាំនៅខាងក្រៅ ប៉ុន្តែភ្លាមៗនោះ ស្រាប់តែមានជនសង្ស័យមួយ ក្រុម មានគ្នា៣នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម មិនចាំស្លាកលេខ បានមកឈប់ក្បែរយុវជនរងគ្រោះ ហើយលើកកាំភ្លើងខ្លី ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីយុវជនជាសង្សារ បានសម្រេចហើយ ជិះចេញទៅបាត់ដោយសុវត្ថិភាព តែម្តង ។ ចំណែកគូរស្នេហ៍ទាំង២នាក់ បានត្រឹមស្រែកឆោរឡោរអោយគេឯងជួយខ្លួនតែប៉ុណ្ណោះ ។ យុវជនជាសង្សារបាន អោយដឹង ទៀតថា ម៉ូតូដែលត្រូវក្រុមចោរប្លន់នោះ គឺរូបគេទើបតែខ្ជីមិត្តភក្តិយកមកជិះមិនទាន់បានមួយថ្ងៃផង ស្រាប់តែកើត មានរឿងបែបនេះតែម្តងទៅ ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ នឹងនាំជនរងគ្រោះទាំង២នាក់ ទៅសាកសួរនាំបន្ថែមនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ។ប៉ុន្តែអ្វីជាការកត់សម្គាល់ជុំវិញអំពើភ្ជង់ប្លន់ ប្រដាប់អាវុធខាងលើនេះ យើងសង្គេតឃើញសមត្ថកិច្ចមូលដ្ឋានព្យាយាមលាក់បាំងព័ត៌មាន ដល់ក្រុមអ្នកកាសែត និង អ្វីដែលជារឿងគួរអោយហួសចិត្តនោះ គឺសមត្ថកិច្ចបានយកជនរងគ្រោះទាំង២នាក់ ទៅទុកក្នុងបន្ទប់សាក សួររបស់ខ្លួន ដើម្បីបញ្ចៀសពីក្រុមអ្នកសារព័ត៌មានក្នុងការផ្តិតយករូបភាពពីជនរងគ្រោះ និងបញ្ចៀសពីការសាក សួរនាំព័ត៌មានបន្ថែម ជុំវិញអំពើប្លន់ខាងលើ ។

សូមបញ្ជាក់ថា ចំពោះភូមិសាស្ត្រខណ្ឌមានជ័យ បន្ទាប់ពីលោកតេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យថ្មី ដែលទើ បតែឡើងកាន់ដំណែងបានជាង ៣ខែរួចមក អំពើបាញ់ ឆក់ ប្លន់ប្រដាប់អាវុធ និងអសន្តិសុខផ្សេងៗ តែងតែកើតឡើងជារឿយៗ ក្នុងមូលដ្ឋានខណ្ឌមានជ័យទាំងមូល ។ គួររំលឹកផងដែរថា នៅពេលដែល ( លោកជឹម ស៊ីថា អតីតអធិការរងនគរបាល ខណ្ឌមានជ័យ ទទួលបន្ទុកផែនព្រហ្មទណ្ឌ ដែលបច្ចុប្បន្ន ត្រូវបានតំឡើងតំណែងជា អធិការនគរបាលខណ្ឌដង្កោរ ) អំពើប្លន់ប្រដាប់អាវុធក៏កើតមានយ៉ាងគគ្រឹកគគ្រែង ដែរ ក្នុងមូលដ្ឋាន មិនដែលឃើញនគរបាលខណ្ឌមានជ័យបង្ក្រាបបានម្តងណាឡើយ មានតែយកការបង្ក្រាប ពពួកចោរលួចកង់ លួចមាន់ លួចទា មកធ្វើជាគុណសម្បត្តិដើម្បីលុបលាងគុណវិបត្តិធំ ។ សូមបញ្ជាក់បន្ថែមថាក្រោយពេលលោក ជឹម ស៊ីត្រូវផ្លាស់ប្តូរដំណែងចេញទៅ លោកអនុសេនីយ៍ម៉េង វិមានតារា ត្រូវបានគេចាត់តាំង អោយកាន់ជាអធិការរងទទួលបន្ទុកផែនព្រហ្មទណ្ឌជំនួសវិញ ប៉ុន្តែអំឡុងពេលដែលលោកម៉េង វិមានតារា ឡើងកាន់ដំណែងរួចមក អំពើប្លន់រឹងតែកើតមានយ៉ាងខ្លាំងខ្លាបំផុត កុំថាឡើយពេលយប់ សូម្បីតែពេលព្រលប់ ក៏កើតមានដែរ ជាក់ស្តែងដូចកាលពីវេលាម៉ោង ២០ និង ២០នាទីយប់ថ្ងៃទី០២ ខែមិថុនា នៅចំណុចបុរីសូនី ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ មានករណីភ្ជង់ប្លន់ប្រដាប់អាវុធមួយបានកើតឡើង ដែលក្រុមចោរមានគ្នា ៦នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយអាវុធខ្លីជាច្រើនដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូម៉ាក ឡេត ពីនារី២នាក់ បានសម្រេចដោយសុវត្ថិភាពផងដែរ ៕

IMG_7392 IMG_7393 IMG_7394