ជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះក្នុងទិសដៅបញ្ច្រាសទិស គ្នា បុកពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ស្រាល ៤នាក់

រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារបុរស២នាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវម៉ូតូមួយគ្រឿង ទៀតជិះគ្នា២នាក់ដូចគ្នា ក្នុងទិសដៅបញ្ច្រាសទិសគ្នាបុកពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ស្រាល៤នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង៩នឹង៥០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ តាម បណ្តោយផ្លូវលេខ ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សាក្សីដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1K-1972 ជិះឌុបគ្នា ២នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំណុវកើតហេតុក៏បានបត់ ឆ្លងផ្លូវទៅខាងឆ្វេងដៃ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូវីវ៉ាមួយ គ្រឿងទៀត ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1X-0667 ជិះគ្នា២នាក់ដូចគ្នា ជិះក្នុងទិសដៅបញ្រ្ចាសទិសគ្នាចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ស្រាលទាំង៤នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តរងការខូចខាតទាំងសងខាង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅ រក្សាទុកនៅបុស្តិ៍នគរបាលរដ្ឋផ្សារដើមថ្កូវ រង់ចាំដោះស្រាយគ្នានាពេលក្រោយជាបន្ត ៕

IMG_3833

IMG_3834

IMG_3832