ព្រះចៅអធិការវត្តចំប៉ាធ្វើលិខិតផ្លូវការមួយចូលសាលាខណ្ឌច្បារអំពៅប្តឹងលោក ហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យរំលោភយកដីវត្ត ជាង១សប្តាហ៍ អាជ្ញាធរខណ្ឌហាក់ធ្វើព្រងើយចំពោះពាក្យបណ្តឹងនេះ

ភ្នំពេញ ៖ រឿងអាស្រូវរបស់លោក ហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យមួយបានផ្ទុះ ឡើង ខណៈព្រះចៅអធិការវត្តចំប៉ា ព្រះនាម អៀម សីុអាន នឹង លោក អ៊ុយ ថន តំណាងគណៈកម្មាធិការវត្តចំប៉ា បានធ្វើលិខិតជាផ្លូវការមួយចូលសាលាខណ្ឌច្បារអំពៅប្តឹងលោក ហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យរំលោភយកដីវត្ត ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ហើយពាក្យប្តឹងនេះបញ្ជូនដល់សាលាខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥ នេះ ខណៈដែលព្រះចៅអធិការដាក់ពាក្យបណ្តឹងនៅសង្កាត់តាំងពី ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៥ មកម្ល៉េះ តែគ្មានដំណោះស្រាយ ។
ក្នុងពាក្យបណ្តឹងចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ របស់ចៅអធិការវត្តចំប៉ាព្រះនាម អៀម ស៊ីអាន និង លោក អ៊ុយ ថន តំណាងគណៈ កម្មការអាចារ្យវត្តចំប៉ា បានរៀបរាប់ថា លោក ហៀក ចាន់លាង បានលួចដីមួយកន្លែងរបស់វត្តចំប៉ា នៅជាប់មាត់ទន្លេយកមកធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួន រួចកាយលក់អាចម៍ដីឲ្យអ្នកដទៃ ។ ក្នុងពាក្យបណ្តឹង បន្តថា ដីនេះជាកម្មសិទ្ឋិ របស់វត្តចំប៉ាដែលស្ថិតនៅភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ហើយអាត្មាភាព និងគណៈកម្មការអាចារ្យវត្តសុំទាមទារដីកម្មសិទ្ឋិវត្តមកវិញ ។
ទាក់ទិននឹងពាក្យបណ្តឹងខាងលើនេះ នៅព្រឹកថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៥ ព្រះចៅអធិការវត្តចំប៉ា ព្រះនាម អៀម សីុអាន បានមានសង្ឃដីកាថា តាំងពីព្រះអង្គដាក់ពាក្យប្តឹងដល់សាលាខណ្ឌជាង ១ សប្តាហ៍ហើយ រហូតមកទល់ពេលនេះ មិនទាន់ឃើញមានមន្ត្រីថ្នាក់ ខណ្ឌកោះហៅប្រជុំដោះស្រាយជូនព្រះអង្គឡើយ ដោយអាជ្ញាធរខណ្ឌយកលេះថា លោក ហៀក ចាន់លាង ជាប់រវល់ទៅក្រៅដូច្នេះសុំអោយព្រះអង្គចាំសិនចុះ ។ ព្រះមានសង្ឃដីកា បន្តថា បើសិនជាអាជ្ញាធរខណ្ឌច្បារអំពៅ គ្មានសមត្ថភាព នឹងមិនដោះស្រាយជូនព្រះអង្គទេនោះ ព្រះអង្គនឹងដាក់ពាក្យបណ្តឹងនោះទៅប្តឹងដល់ ខុទ្ទកាល័យសម្តេច ហ៊ុន សែន ។
ជុំវិញការប្តឹងរបស់ព្រះចៅអធិការវត្តចំប៉ា ខាងលើនេះ លោក ហៀក ចាន់ លាងអភិបាលរងខណ្ឌមានជ័យ បានប្រាប់តាមទូរស័ព្ទថា ដីដែលព្រះចៅអធិការវត្ត ប្តឹងថារូបរំលោភយកនោះ មិនមែនជាការពិតទេ គឺលោកបានទិញដីនោះពីប្រជាពលរដ្ឋ ដើម្បីធ្វើជាកន្លែងស្តុកខ្សាច់តែប៉ុណ្តោះ ប៉ុន្តែទីតាំងស្រុកខ្សាច់នោះបានផ្អាក់យូរហើយ ដោយលោក បញ្ជាក់ថាគ្មានរឿងអ្វីធំដុំនោះទេ ចំពោះពាក្យបណ្តឹងនេះ។
តាមប្រភពព័ត៍មានមួយបានទម្លាយថារាល់ ពាក្យបណ្តឹងទាំងអស់ ដែលបងប្អូនប្រជាពលរដ្ឋដាក់ពាក្យប្តឹង ចូលសាលាខណ្ឌច្បារអំពៅ នោះ គឺអាជ្ញាធរខណ្ឌ មិនថាមន្ត្រី ឬក៏ អភិបាលរងខណ្ឌនឹងអភិបាលខណ្ឌឡើយ ហាក់បីដូចជាមិនយកចិត្តទុកដាក់ នឹងអើពើដោះស្រាយជូនប្រជា ពលរដ្ឋឡើយ ប៉ុន្តែបើសិនជាពាក្យបណ្តឹងណា មើលទៅមានប្រយោជន៍វិញនោះម្នាក់ៗដណ្តើម គ្នាចេញមុខដោះស្រាយមិនខ្លាចហត់នឿយទេ ។
គួរបញ្ជាក់ថាទីតាំងទំនាស់ខាងលើនេះ លោក ហៀក ចាន់លាង បានទិញពីប្រជាពលរដ្ឋតាំងពីលោកនៅជាអភិបាលរងខណ្ឌមានជ័យចាស់មិនទាន់បំបែកខណ្ឌមានជ័យចេញជាខណ្ឌច្បារអំពៅនោះទេ ប៉ុន្តែរហូតថ្នាក់ដឹកនាំបានសម្រេចបំបែកខណ្ឌមានជ័យជាពីរ គឺ លោក ហៀក ចាន់លៀង នៅតែមកកាន់ដំណែងជាអភិបាលរងខណ្ឌមានជ័យដដែរ ៕

image image image image