តុលាការសម្រេចឃុំខ្លួនមនុស្ស៣នាក់ ករណីយកប្រាក់សុទ្ឋ១០០ដុល្លារ ដូរយកប្រាក់ដុល្លារខ្មោចជិតពីរម៉ឺនដុល្លារ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ បានចេញដីការសម្រេចឃុំខ្លួនជនសង្ស័យ ប្រុសស្រី៣នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីឆបោក តាមរូបភាពយកប្រាក់សុទ្ឋ១០០ដុល្លារ ដូរយកប្រាក់ដុល្លារខ្មោចជិតពីរម៉ឺនដុល្លារ រងចាំបើកការស៊ើបអង្គេតនៅពេលក្រោយ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកតុប ឈុនឡុង ចោទប្រកាន់ចំនួន១បទល្មើស ពីបទ ឆបោក តាមមាត្រាលេខ៣៧៧ និង ៣៧៨នៃក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ទី១ ចាន់ សារ៉េត ហៅវង តយ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរជាអ្នកលក់បន្លែ ទី២ឈ្មោះស្រី អេងលី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប និងទី៣ឈ្មោះហេង សុខា មុខរបររត់ម៉ូតូឌុប ។

គួររំលឹកផងដែរថា ជនទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យអន្តរាគមន៍(ក៨) នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដើមចមនៃការឃាត់ខ្លួន គឺកើតឡើងដោយសារមាន បុរសម្នាក់ បានទំនាក់ទំនងជាមួយមនុស្ស៣នាក់ នេះ ដើម្បីយកប្រាក់សុទ្ឋចំនួន១០០ដុល្លារ ដូរយកប្រាក់ក្លែងក្លាយមួយម៉ឺនដុល្លារ ។ បន្ទាប់ពីព្រមព្រៀងគ្នាហើយ ក៏ការដោះដូរនេះ បានបែកធ្លាយ ទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរសពីរនាក់ រួចបន្តទៅឆែកឆេរផ្ទះរបស់ស្រ្តីចំណាស់ នៅចំណុចផ្ទះល្វែងលេខ 1B ផ្លូវលូ៥ ក្រុមទី១ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ក្នុងការឆែកឆេរនេះ សមត្ថកិច្ចរកឃើញប្រាក់ដុល្លារសម្រាប់សែនជិតពីរម៉ឺនដុល្លារ និង ម្សៅក្រាមស ព្រមទាំងសម្ភារៈមួយចំនួនទៀត ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនស្រ្តីចំណាស់រូបនេះ តែម្តង ។

ក្រោយពីពិនិត្យរួចហើយ សមត្ថកិច្ចរកឃើញថា ករណីនេះពុំមែនជាករណីចរារចរណ៍រូបិយប័ណ្ណ ក្លែងក្លាយនោះទេ ពោលគឺជាដុល្លារសម្រាប់ សែនប៉ុណ្ណោះ ហើយម្សៅក្រាមសនេះ ទៀតសោតក៏ពុំមែន ជាគ្រឿងញៀនដែរ ទើបសមត្ថកិច្ចបានសម្រេចធ្វើការសន្និដ្ឋានចោទប្រកាន់ មនុស្សទាំងបីនាក់នេះ ពីបទ ឆបោកវិញ ៕ លីហេង

image5(1)

image4(1)

image1(1)

image2(1)

image3(1)

image3

image2

image6