នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកប្រតិបត្តិការចុះបង្ក្រាបមេឃ្លោងគ្រឿងញៀនដ៏ធំម្នាក់ ដកហូតថ្នាំញៀនជាង ១គីឡូក្រាម និងដុល្លារក្លែងក្លាយជាង២ម៉ឺនដុល្លារ

ភ្នំពេញ ៖ កម្លាំងនគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ នៅវេលា ម៉ោងប្រមាណ ២១ និង ០០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ បានបើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាប មេឃ្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ នៅចំណុចផ្ទះល្វែងលេខ 1B ផ្លូវលូ៥ ក្រុមទី១ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ប្រតិបត្តិការចុះបង្ក្រាបនេះ គឺធ្វើឡើង ដោយមានការដឹកនាំកម្លាំងនឹងបញ្ជារផ្ទាល់ពីសំណាក់ ឧត្តមសេនីយ៍ត្រី វ៉ាន់ កុសល នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោកសៀង សុខ ផងដែរ ។

ស្រ្តីជាមេឃ្លោងគ្រឿងញៀនខាងលើ មានឈ្មោះចាន់ សារ៉េត ( ហៅតយ ) ភេទស្រី អាយុ៥០ឆ្នាំ បច្ចុប្បន្នស្នាក់ នៅផ្ទះជួលខាងលើ ។ ស្រុកកំណើតមិនពិតប្រាកដ ។

ឧត្តមសេនីយ៍វ៉ាន់ កុសល អៅយដឹងថា មុនឈានដល់ប្រតិបត្តិការចុះបង្ក្រាបស្ត្រីជាមេឃ្លោងគ្រឿងញៀនខាងលើ នេះ គឺ កម្លាំងសមត្ថកិច្ចយើងបានធ្វើការចាប់ខ្លួនជនសង្ស័យជាច្រើននាក់ដែលត្រូវជាបក្សពួករបស់ស្ត្រីជាមេ ឃ្លោង ។ ហើយក្រោយពីមានការសាកសួរនាំយ៉ាងលំអិតលំអន់ហើយនោះ ក្រុមជនសង្ស័យជាបក្សពួកបាន ផ្តល់ចម្លើយ ពីទីតាំងលាក់ខ្លួនរបស់ស្ត្រីជាមេឃ្លោង ។ ទើបនៅវេលាម៉ោង ២១ និង ៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការចុះធ្វើការឡោមព័ទ្ធ បង្ក្រាបទីតាំងខាងលើតែម្តងទៅ ។

ជាលិទ្ធផលជាក់ស្តែងជុំវិញប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការដកហូតបាននូវថ្នាំញៀនប្រភេទក្រាម សថ្លា ( ម៉ាទឹកកក ) ចំនួន ១ថង់ធំ ដែលស្មើរនឹងជាង១គីឡូក្រាម , លុយដុល្លារ Copy ជាង២ម៉ឺនដុល្លារ ( ក្នុងនោះ ក្រដាស២០ដុល្លារ ចំនួន ១ម៉ឺនដុល្លារ និង ក្រដាស៥០ ចំនួន ៩៧០០ដុល្លារ ) , ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង , ឧបករណ៍សម្រាប់ជក់ ១ និងធ្វើការឃាត់ខ្លួនស្ត្រីជាមេឃ្លោងគ្រឿងញឿនម្នាក់ ។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងដែលដកហូតបាន ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់មន្ទីរប្រឆាំង បទល្មើសគ្រឿងញឿន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការសាកសួរនាំបន្ថែម និងត្រៀមកសាងសំណុំរឿង បញ្ចូនទៅតុលាការចាត់ការតាមនីតិវិធី នៃច្បាប់ ។ ចំណែកទីតាំងផ្ទះល្វែងខាងលើ ត្រូវបានសមត្ថកិច្ចបិទទ្វារ បណ្តោះអាសន្ន រងចាំបើកការស៊ើបអង្គេតបន្ត ហើយនឹងបើកអោយដំណើរការវិញនៅពេលក្រោយ ៕

image2(1) image3(1) image4(1) image5 image7