មន្រ្តីយោធាបើករថយន្តឡិចស៊ីRX៣៥០បត់ឆ្លង ផ្លូវបំណងចូលផ្ទះសំណាក់ត្រូវរថយន្តហ៊ីយ៉ាន់ ដាយបុកចំពាក់កណ្តាលរថយន្តបណ្តាល ឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្រ្តីយោធាបើករថយន្តឡិចស៊ីRX៣៥០បត់ឆ្លងផ្លូវបំណងចូលផ្ទះសំណាក់ ត្រូវបានរថយន្តហ៊ីយ៉ានដាយដឹក ត្រី មួយគ្រឿងបើកបុកចំពាក់កណ្តាលរថយន្តបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២នឹង២០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះសំណាក់ យីហោឬស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តហ៊ីយ៉ានដាយ ដឹកត្រី ២តោនកន្លះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3C-0317 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពី ជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុមុខផ្ទះសំណាក់ យីហោឬស្សីកែវ ស្រាប់តែមានរថយន្តឡិចស៊ីស RX៣៥០ ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U-8351 ដែលបើកបរដោយបុរសចំណាស់ម្នាក់ដែលគេស្គាល់ថាជា មន្រ្តីយោធា បើកបរទិសដៅបញ្ច្រាសទិសគ្នា រួចក៏បានស៊ីញ៉ូស្តាំ ប៉ុន្តែបត់ឆ្វេងបំណងចូលផ្ទះសំណាក់ខាងលើ យ៉ាងលើ ធ្វើឱ្យរថយន្តហ៊ីយ៉ានដាយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុកបុកពេញចំពាក់កណ្តាលពេញទំហឹងតែម្តង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយក្រោយពីកើតហេតុគេបានឃើញមន្រ្តីយោធាម្នាក់នោះចុះពីលើរថយន្តទាំងស្ថានភាពស្រវឹងស្រាផងដែរ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាង ហើយនៅពេលនោះភាគីខាងរថយន្តហ៊ីយ៉ានដាយ បានព្យាយាមទៅចចាជាមួយភាគីខាងរថយន្ត ឡិចស៊ីសដែរ ប៉ុន្តែម្ចាស់រថយន្តឡិចស៊ីស RX៣៥០ មិនព្រមនិយាយជាមួយនោះទេ ទើបសមត្ថកិច្ចមូលដ្ឋានសម្រេច សហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕

IMG_1705 IMG_1706 IMG_1707