រថយន្តទេសចរណ៍បើកបុករៈម៉ូតូ៣គ្រឿងនិងរ៉ឺម៉ក១គ្រឿងបណ្តាលឲ្យសា្លប់២នាក់របួស៥នាក់នៅផ្លូវជាតិលេខ១

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយសារតែរថយន្តក្រុមហ៊ុនដឹកភ្ញៀវទេសចរណ៍បើកក្នុងល្បឿនលឿនរ៉េចង្កូតទៅបុករៈម៉ូតូចំនួន៣គ្រឿងនិងរ៉ឺម៉កមួយគ្រឿង បណ្តាលឲ្យមនុស្សចំនួន២នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិង៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅចំណុចមុខសាលាបឋមសិក្សាក្តីតាកុយ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះដែលស្លាប់ឈ្មោះងាំ ប៉ុនថន ភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់នៅភូមិព្រែកដំ ឃុំក្បាលកោះ ស្រុកគៀនស្វាយ ខេត្តកណ្តាល ទី២ឈ្មោះ វ៉ាន ភេទស្រី អាយុ៤២ ស្នាក់នៅភូមិកណ្តាលក្រោម ស្រុកគៀនស្វាយ ខេត្តកណ្តាល ។ចំណែកនាក់រងបួសនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តទេសចរណ៍ ពណ៌ក្រហម ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A-1530 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ដែលចេញពីប្រទេសវៀតណាម មកក្រុងភ្នំពេញ ខណៈមកដល់ ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតបុករ៉ឺម៉កកង់បី ហើយអូសទៅបុករៈនិងម៉ូតូចំនួន៣គ្រឿងទៀតដែលធ្វើដំណើរបញ្ជ្រាស់ទិសគ្នា បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ និង២នាក់ទៀតបានស្លាប់ភ្លាមនៅកន្លែងកើតហេតុយ៉ាងអានោចអាធម៍តែម្តង។
ក្រោយពេលកើតហេតុម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋដែលនៅក្បែចាប់វាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច រីឯនាក់រងរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរារចណ៍ជើងគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕