រថយន្តRAV4 បត់ឆ្លងផ្លូវបុកម៉ូតូបណ្តាលឱ្យយុវជន៣នាក់រងរបួសធ្ងន់

ភ្នំពេញ៖យុវជន៣នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណះដែលពួកគេកំពុងជិះឌុបគ្នាក៏ត្រូវរថយន្តRAV4 បត់ឆ្លងផ្លូវក្នុងល្បឿនយ៉ាងលឿនបុកពេញទំហឹង រួចរថយន្តបង្កបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើង​កាលពី​វេលា​ម៉ោង១០នឹង១០នាទីយប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៥៤៨ កែងនឹងផ្លូវលេខ​២៨៩ ស្ថិតក្នុងសង្កាត់បឹងកក១ ខណ្ឌទួលគោក ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៣នាក់​ជិះម៉ូតូ​​ឌ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ចាម 1K-0580 ជិះឌុបគ្នាតាម​បណ្តោយផ្លូវលេខ២៤៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកែងនឹងផ្លូវលេខ៥៤៨ ស្រាប់តែមាន​រថយន្តRAV4មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2A-2637 បើកទិសដៅបញ្ច្រាស​ទិសគ្នាក្នុង​ល្បឿនយ៉ាងលឿន បត់ឆ្វេងទៅខាងឆ្វេងដៃ បានបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូ​ទាំង៣នាក់​រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត​បង្ក​បាន​បន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងយកម៉ូតូទៅរក្សា​ទុកនៅ បុស្តិ៍នគរបាលរដ្ឋបាលបឹងកក១ រង់ចាំដោះស្រាយនាពេលក្រោយ ៕