យុវជន៣នាក់ជិះម៉ូតូលឿនជ្រុលបុករ៉ឺម៉កកង់បីពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែយុវជន៣នាក់ជិះម៉ូតូសេ១២៥ មួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករ៉ឺម៉កកង់បីពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទីយប់ ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។តាមសាក្សី នៅ កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះរ៉ឺម៉កកង់បីដឹកបន្លែ ក្នុងបំណងយកមកលក់នៅផ្សារដើមគរធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុស្រាប់តែយុវជន៣នាក់ជិះម៉ូតូសេ១២៥មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-7502 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន ដោយផ្លូវងងឹងផង នោះក៏ជ្រុលបុករ៉ឺម៉កកង់បីពីក្រោយ ពេញទំហឹងបណ្តាលឲ្យបោកខ្ទប់និងរ៉ឹម៉ករងរបួសធ្ងន់ទាំង៣នាក់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមចំណែកម៉ូតូនិងរ៉ឺម៉កកង់បីសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរងចាំដោះស្រាយពេលក្រោយ៕