អគ្គីភ័យឆា​បឆេះខ្នម១ខ្នង ក្នុងដីឡូតិ៍មួយកន្លែង នៅសង្កាត់បឹងកក់១ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ ៖ ខ្នមមួយខ្នងដែលសង់ពីសង្ក័សី សម្រាប់ផ្ទុកនូវ សម្បកកង់រថយន្ត និង កំណាត់ឈើជាច្រើនដុំ មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ លេខ ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ៨ និង ០០នាទីព្រឹកថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៥ ។

ខ្នមដែលត្រូវឆាបឆេះខាងលើ គឺសង់ឡើងពីសង្ក័សី មានបណ្តោយ១០ម និង ទទឹង ៨ម ដែលខ្នមខាង លើសង់ស្ថិតក្នុងបរិវេណដីឡូតិ៍ ដែលមានទំហំ ៥០ម៉ែត្រ ៤ជ្រុង ហើយសង់ឡើងសម្រាប់ផ្ទុកនូវ កំណាត់គល់ឈើ និងកម្ទេចកម្ទីឈើផ្សេងៗ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន អោយដឹងថា មុនពេល មានអគ្គីភ័យឆាបឆេះឡើងនោះ គឺ កាលពីវេលាយប់ថ្ងៃទី ២៦ ខែមិនា ពោលគឺយប់ម្សិលមិញ ប្រជាពលរដ្ឋដែលរស់នៅជិតទីនោះ បាននាំគ្នា ដើរទៅប្រមូលសំរាមដុតជាមួយគំនរស្មៅចាស់ បង្កអោយមានភ្លើងឆាបឆេះស្មៅខ្លាំង ប៉ុន្តែ ខណៈនោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ពន្លត់ទាន់ពេលវេលា មិនបណ្តាលអោយរាល ដាលដល់ខ្នមដែលនៅក្នុងនោះ ឬ បង្កជាអណ្តាតភ្លើងឆាវឆេះឡើង ។ ប៉ុន្តែដោយសារតែ ការកំដៅ នៃ កម្ទេចភ្លើង ឬ ហៅថា ផេះដែលសេសសល់ក្រោយការដុតហើយនោះ នៅមិនទាន់រលត់សូន្យសុងជា ស្ថាពរ ។ លុះព្រឹកឡើង ផេះដែលសល់ពីការដុតស្មៅកាលពីយប់ កាន់តែក្តៅឡើងៗ ទើបបង្កអោយ មានជាអណ្តាតភ្លើងឆាបឆេះឡើង រហូតរាលដាលដល់ ឆេះខ្នមដែលនៅក្នុងដីឡូត៍ជាបន្តបន្ទាប់ បង្កអោយ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ នាំគ្នាអន្តរាគមន៍ជួយ យកទឹកជះពន្លត់អណ្តាតភ្លើង ប៉ុន្តែដោយសារស្ថានភាពមានលក្ខណៈកាន់តែរីក ធំទៅៗ ទើបប្រជាពល រដ្ឋធ្វើការរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ភ្លាមៗ ។ ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿងបានទៅដល់កន្លែងកើតហេតុ ភ្លាមៗ ហើយបានធ្វើការបាញ់ទឹកពន្លត់អណ្តាតភ្លើងអោយរលត់សូន្យសុង ទៅវិញ មិនបណ្តាលអោយ មានការឆាបឆេះជាទ្រង់ទ្រាយធំ ឬ រាលដាលដល់លំនៅឋានប្រជាពលរដ្ឋដទៃ ។

ក្នុងគ្រោះអគ្គីភ័យខាងលើនេះដែរ រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ដែល២គ្រឿងរបស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក និង ១គ្រឿងទៀតរបស់ការិយាល័យពន្លត់និង បង្ការគ្រោះមហន្តរាយអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទៅដល់កន្លែងកើតហេតុ ប៉ុន្តែសមត្ថកិច្ចប្រើអស់តែ២ គ្រឿងប៉ុណ្ណោះ ក្នុងការបាញ់ទឹកពន្លត់អណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញ ។ ហើយទំហំ នៃការ ខូចខាត គឺប្រមាណជា ៧០ភាគរយ ។

សមត្ថកិច្ចជំនាញ បញ្ជាក់អោយដឹងថា អគ្គីភ័យខាងលើ ឆាបឆេះឡើង​ដោយសារ តែកំទេចផេះ ដែល សល់ ពីការដុតសម្រាម​និង ស្មៅ កាលពីពេលយប់ ។ ហើយកំដៅភ្លើងនៃកំទេចផេះនោះ នៅសល់តិច ណាស់ ទើបអណ្តាតភ្លើងត្រូវឆាបឆេះនៅពេលព្រឹក ។ បើសិនជាកំដៅនៃកំទេចផេះនៅមានខ្លាំង អាច ឆាបឆេះ តាំងពីពេលយប់ ឬ ពេលរំលងអាធ្រាត្រ បាត់ទៅហើយ មិនអាចឆេះនៅពេលព្រឹកឡើងនោះ ទេ ។

ពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ សមត្ថកិច្ចជំនាញ និងមន្ត្រីពាក់ព័ន្ធ បានអំពាវនាវ ដល់បងប្អូនប្រជាពល រដ្ឋ ទាំងអស់មេត្តាសិក្សាស្រាវជ្រាវ និងបង្កើនការយល់ដឹងអោយបានខ្ពស់អំពី កត្តាផ្សេងៗ ដែលអាច បង្កអោយមានជាអណ្តាតភ្លើងឆាបឆេះ ឡើង ជាយថាហេតុណាមួយ ជាក់ស្តែងដូចករណីខាងលើ ។ នេះសំណាងហើយ ដែល គ្រោះអគ្គីភ័យខាងលើ ឆាបឆេះនៅក្នុងដីឡូតិ៍ ដែលម្ចាស់គេទុកចោល ហើយ ការឆាបឆេះ មានលក្ខណះជាទ្រង់ទ្រាយតូចល្មម តែបើសិនជា ទីតាំងខាងលើជាទីប្រជុំជនវិញនោះ មិនដឹង ថាគ្រោះអគ្គីភ័យ នឹងបង្កជាមហន្តរាយ ឬផលវិនាសបែបណានោះទេ ដល់ប្រជាពលរដ្ឋ ៕ លីហេង

 

 

photo 1(14) photo 3(10) photo 4(7)