រថយន្ត​កាមរី​ឆ្លាម​បើក​បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យ​បាក់​អស់​៥​ផ្ទាំង​

​ភ្នំពេញ​៖ រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៥​ផ្ទាំង នៅ​ចំណុច​ខាងកើត​ស្តុប​ទួកគោក ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក បាន​បាក់​រៀបស្មើរ​ដល់​ដី ដោយសារ​ត្រូវ​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង បុក​រះ​ពេញទំហឹង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១៨ ខែ​មិនា ឆ្នាំ​២០១៥ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-3945 បើកបរ​ដោយ​បុរ​ម្នាក់​និង​នារី​ម្នាក់​ទៀត រួម​ដំណើរ​ជាមួយ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុ ង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​ខាង​កើតហេតុ ស្តុប​ទូលគោក ក៏​បាន​រ៉េ​ចង្កូត​ទៅបុក រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យ​បាក់​អស់​ចំនួន​៥​ផ្ទាំង រង​ការខូចខាត ចំណែក​រថយន្ត​ដាច់​ការឡេរ​ទៅមុខ​លែងរួច​។​
​    ​
ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ និង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕