បុរស​ជា​កីឡាប្រដាល់​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​អា​-​ក សម្លាប់ ប្លន់​យក​ម៉ូតូ​សេ​១២៥

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ថា ជា​កីឡាប្រដាល់​មួយរូប ហើយ​បាន​ឆ្លៀត​ពេល​ទំនេរ រត់​ម៉ូតូឌុប ត្រូវ ជន​មិន​ស្គាល់មុខ​ម្នាក់​យក​កាំបិត​ចុង​ស្រូច​អារក ស្លាប់​យ៉ាង​អាណោចអាធ័ម នា​វេលា​ម៉ោង ២១​នឹង ៤០ នាទី​យប់ ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ ២០១៥ ស្ថិតនៅ ផ្លូវលំ ខាងក្រោយ​មន្ទីរពេទ្យ​ឯករាជ្យ ក្នុង​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​ប្លន់​យក​ម៉ូតូ​ម៉ាក​សេ ១២៥ អស់​មួយ​គ្រឿង ។
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​អ្នកដំណើរ​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​ប្រាប់ថា មុនពេល​កើតហេតុ រូបគាត់​បាន​ជិះ​ម៉ូតូ​តាមផ្លូ​វវេងស្រេង ហើយ​បត់​ចូល​ច្រក​ផ្លូវលំ ខាងក្រោយ​មន្ទីរពេទ្យ ឯករាជ្យ ស្រាប់តែ​ប្រទះឃើញ​សព​បុរស​រងគ្រោះ ដេកស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​នឹងមាន ស្នាម​អារ​ក​ជិត​ដាច់​ថែម​ទៀត ។ ដូច្នេះ​រូបគាត់​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​ពិនិត្យ ភ្លាមៗ​ផងដែរ ។
​    ​
ជុំវិញ​ការ​ករណី​ខាងលើនេះ មាន​បុរស​ម្នាក់​ត្រូវ​ជា​អ្នករត់​ម៉ូតូឌុប​ជិត​គ្នា​ជាមួយ​សព​រងគ្រោះ​បានអោយដឹង​ថា​វេលា​ម៉ោង ២១ ជនរងគ្រោះ​បាន​ឌុប​បុរស​ម្នាក់​ចេញដំណើរ​ពី​ម្តុំ​ធនាគា​កាណាឌីយ៉ា មិនដឹង​ថា​ឌុប​ទៅ​កន្លែង​ណា​ទេ លុះដល់​ម៉ោង ២១ នឹង ៤០ នា​ទីនេះ​មាន​ការភ្ញាក់ផ្អើល​ថា ប្រជាពលរដ្ឋ​ប្រទះឃើញ បុរស​ម្នាក់​ត្រូវ​គេ​អារ​ក​ស្លាប់ ទើប​រូបគេ​ជិះ​ម៉ូតូ​មក​មើល ស្រាប់តែ​ស្គាល់​ជនរងគ្រោះ​តែម្តង​ទៅ​។
​    ​
សព​បុរស​ដែល​គេ​អារ​ក​សម្លាប់​ខាងលើ​មានឈ្មោះ ធឿន វឿន អាយុ ២៨ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង មុខរបរ​ជា​កីឡាប្រដាល់ នឹង​ឆ្លៀត​ពេល​រត់​ម៉ូតូឌុប បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រែក​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រាល់ថ្ងៃ​ជិះ​ម៉ូតូ​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី ២០០៧ ពាក់​ស្លាក​លេខ ព្រៃវែង ១៨៨៣ ។

​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ​បាន​សន្និដ្ឋានថា មុនពេល​កើតហេតុ សព​រងគ្រោះ​បាន​ជិះ​ម៉ូតូ​របស់​គេ​ឌុប​ជនល្មើស​ចេញពី​ម្តុំ​កាណាឌីយ៉ា លុះ​មកដល់​កន្លែងកើតហេតុ​ជា​ម្តុំ ដែល​ស្ងាត់​ផង​នោះ ក៏​ត្រូវ​ជនល្មើស​ឆ្លៀត​ឱកាស​យក​កូនកាំបិត​ចាប់​អារ​ក ជនរងគ្រោះ បណ្តាល​អោយ ស្លាប់​ភ្លាមៗ​នឹង​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ជុំវិញ​ស្ថានភាព​នៅ​ទីតាំង​ខាងលើ គឺ​ទំនង សព​រងគ្រោះ​បាន​ប្រទូស្ត​រាយ​ជាមួយ​ជនល្មើស​ដែរ ទើប​បណ្តាលអោយ​ស្បែកជើង​នឹង​មួកសុវត្ថិភាព ខ្ទាត​ចេញពី​ខ្លួន ។
​    ​
សមត្ថកិច្ច​បាន​បញ្ជាក់​ថា ចំពោះ​ទិដ្ឋភាព​កន្លែងកើតហេតុ​សមត្ថ​កិច្ច​សន្និដ្ឋាន​យ៉ាងច្បាស់​ថា ជា​ករណី​អារ​ក ប្លន់​យក​ម៉ូតូ មិនមែន​ជា​ករណី​ដែល​កើតចេញ​ពី​រឿង​គំនុំ​នោះទេ តែ​ជាក់ស្តែង​ក្រោយ កើតហេតុ​សមត្ថកិច្ច​បា​ន​រកឃើញ​កូនកាំបិត​ចុងស្រូច​មួយដើមប្រ​ឡា​ក់​សុទ្ធតែ​ឈាម និង មួកសុវត្ថិភាព និង​ស្បែកជើង​មួយគូរ ដែល​នៅ​ឆ្ងាយ​ពី​ខ្លួន​សព​រងគ្រោះ​ជាង ២០០ ម៉ែត្រ ដូច្នេះ​អាច​និយាយ បាន​ថា បន្ទាប់​ពី​ជនល្មើស​អារ​ក​នោះ​ជនរងគ្រោះ​បាន​ព្យាយាម​ត្រដរ​រត់គេច​ខ្លួន​រក​គេ​ឯង​អោយ​ជួយ​ដែរ ប៉ុន្តែ​គ្មាន មនុស្ស​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​៕