ប្រជាពលរដ្ឋ​ចាប់បាន​ជនសង្ស័យ​ម្នាក់​គាស់​ទ្វារផ្ទះ​គេ​បំណង​លួច​ទ្រព្យសម្បត្តិ​វាយ​ឡើង​ទ្រោម​ខ្លួន រួច​ទើប​ប្រគល់ ឱ្យ​សមត្ថកិច្ច​

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន រួច​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច បន្ទាប់ពី​គេ​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​គេ​ចូល​ទៅ​ខាង​ក្នុង រើកកាយ​ឥ​វ៉ាន់​បំណង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ទៅ​ទាន់ពេលវេលា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​២០​នាទី​យប់ ថ្ងៃទី​២៣ ខែ​កុម្ភះ ឆ្នាំ​២០១៥ ខាងក្រោយ​នឹង​ផ្សារ​ហេង​លី  ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។

​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ជា យ៉ា អាយុ​១៧​ឆ្នាំ ជាជាង​ធ្វើ​ពិ​ដាន បច្ចុប្បន្ន​ស្នាក់នៅ​ជិត​សាលា​មធ្យមសិក្សា​គោក​បញ្ជ​ន់ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត ភូមិ​អ្នកយឹង ឃុំ​សំរោង ស្រុក​ទូក​មាស ខេត្ត​កំពត ។​

​លោក​ឈឹម រចនា ដែល​ជា​ម្ចាស់ផ្ទះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូប​គាត់​ជាមួយនឹង​ក្រុមគ្រួសារ បាននាំគ្នា​ទៅ​ដើរ​កំសាន្ត​តាំងពី​ពេល​ល្ងាច​មកម្ល៉េះ ហើយ​នៅ​ម៉ោង​ប្រមាណ​ជា​១០​នឹង​២០​នាទី​ក៏​បាន​ត្រឡប់មកផ្ទះ​វិញ ។ ហើយ​នៅ​ពេល​មកដល់​ផ្ទះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​មាន​ស្បែកជើង​ចំឡែក​នៅ​ខាង​មុខ​ផ្ទះ និង​ចោរ​ទ្វារផ្ទះ​របស់​គាត់​បានរ​ប៉ើ​កដាច់ ដោយ​មាន​ការសង្ស័យ​ភ្លាមៗ​នោះ​រូបគាត់​ក៏​បាន​ហៅ​អ្នកជិតខាង​ឱ្យ​មក​ជាមួយ និង​បាន​ចូល​ទៅ​ខាងក្នុង​ផ្ទះ បានឃើញ​របស់់របរ និង​ឥ​វ៉ាន់​ត្រូវបាន​រើកកាយ​ពេញ ។ ប្រភព​បាន​បន្តថា ឃើញ​ដូច្នេះ​គាត់ រួម​ជាមួយ​អ្នកជិតខាង​បាន​នាំគ្នា​ដើរ​មើល​សព្វ​ក្នុងផ្ទះ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ពួន​សំងំ​នៅក្នុង បន្ទប់​របស់​គាត់ និង​មាន​កំបិត​១​ដើម​នៅ​ជិត​ខ្លួន​ផងដែរ ។ បន្ទាប់​មក​ពួកគាត់​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​បាន​នាំគ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ ទើប​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច ។​

​ក្រោយ​មក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​សួរនាំ​នៅ​បុស្តិ៍នគរបាល​រដ្ឋបាល​ទឹកល្អក់ទី​៣​ធ្វើ​ការសួរនាំ និង​កសាង​សំណុំរឿង​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ចាត់ការ​តាម​នីតិវីធី ៕

DSC01045 DSC01046 Untitled-4 Untitled-2 Untitled-5