ខណ្ឌមានជ័យ​បើក​វេទិការ​សាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​៤​ភូមិ នៅ​សង្កាត់​ស្ទឹងមានជ័យ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភះ ឆ្នាំ​២០១៥ ខណ្ឌមានជ័យ​បាន​ប្រារព្ធ​ពិធី​វេទិការ​សាធារណៈ ដើម្បី​ធ្វើ​ការពិគ្រោះ​យោបល់ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​មកពី​ភូមិ​ចំនួន​៤ គឺ​ភូមិ​ព្រែក​ទាល់ , ភូមិភ្នាត , ភូមិ​ដំណាក់​ធំ និង​ភូមិ​ដំណាក់​ធំ​ទី​១ ស្តីពី​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ។ ដែល​អង្គពិធី​ទាំងមូល​ធ្វើឡើង​នៅក្នុង​ដីឡូត៍​មួយ​កន្លែង ក្បែរ​ទីលាន​ចាក់​សម្រាម ស្ថិតក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោម​អធិបតីភាព​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ និង​មាន​ការចូលរួម​ពី​សំណាក់​លោក​ហៀក ចាន់​លាង អភិបាលរង​ខណ្ឌ​មានជ័យ , លោក​សេង សាញ់​ចៅសង្កាត់​ស្ទឹងមានជ័យ និង​មាន​ការចូលរួម​ពី​សំណាក់​មន្ត្រីរាជការ នគរបាល កម្លាំង​អាវុធហត្ថ និង​សមាជិក​សមាជិកា​ជាច្រើនរូប​ទៀត​ផង​ដែរ​។​
​ ​ប្រជាពលរដ្ឋ​ទាំង​៤​គ្រួសារ​បាន​ឡើង​លើ​វេទិការ លើកឡើង​អំពី​បញ្ហា​មួយចំនួន​ធំ​ដែល​ពួកគាត់​កំពុង​ជួបប្រទះ​សព្វថ្ងៃ​រួមមាន ៖ បញ្ហា​ផ្លូវថ្នល់​មួយចំនួន​ក្នុង​ភូមិ​ដំណាក់​ធំ​ទី​១​មាន​លក្ខណៈ​លំបាក ដោយសារ​ស្ថានភាព​ផ្លូវ​មាន​លក្ខណៈ​ទ្រុត​ទ្រោម , បញ្ហា​បង្គោល​ភ្លើង​ដែល ពួកគាត់​មិនទាន់​មាន​សម្រាប់​ត​បណ្តា​យ​ខ្សែភ្លើង​ត្រឹមត្រូវ , បញ្ហា​កកស្ទះ និង បង្ហូរទឹក​លូ​ចេញមកក្រៅ ពី​សំណាក់​ក្រុមហ៊ុន​ជី​ម៉ុង ជាពិសេស កម្ទេច​ស៊ីម៉ង់ របស់​ក្រុមហ៊ុន​មួយ​នេះ​តែងតែ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ជា​ប្រចាំ​ថ្ងៃ​តែម្តង ។ ជាង​នោះ​ទៅទៀត​ពួកគាត់​ក៏​បាន​ឡើង​ថា​អំពី បញ្ហា​លូ​របស់​ពួកគាត់ ( គឺ​ពួកគាត់​បាន​នាំគ្នា​រៃអង្គៀស គ្នា​ដើម្បី​ដាក់​ប្រព័ន្ធ​ដើម្បី​បង្ហូរទឹក តែ​បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​លូរ​ទាំងនោះ​ត្រូវ​រង​ការខូចខាត​អស់ហើយ ដោយសារ​រថយន្ត​ដឹក​ដី​ធុន​ធំ​មួយចំនួន​បាន​បើក​កាត់​ទីនោះ ហើយ​កិន​បំផ្លាញ​អស់​ទៅហើយ ដោយសារ ប្រភេទ​រថយន្ត​ទាំង​សុទ្ធសឹងតែ​ជា​រថយន្ត​ធុន​ធំ និង​មាន​ទម្ងន់​ធ្ងន់​ខ្លាំង ។ មួយវិញទៀត គឺ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​អនាម័យ ដែល​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​តែងតែ​យក​សម្រាម​មក​ចោល​លើ​ដងផ្លូវ​ពាសវាល​ពាសកាល ព្រោះ​តែ​មួយ​រយះពេល​មក​នេះ​មិនដែល​ឃើញ រថយន្ត​ស៊ិន​ទ្រី​មក​ទទួល​យក​សម្រាម​សោះ​។ លើសពីនេះ ក្នុង​អង្គពិធី​ខាងលើ​ប្រជាពលរដ្ឋ ក៏​បាន​ធ្វើការ​ស្នើរ​ដល់​លោក​អភិបាលខណ្ឌ ក្នុង​ការសាងសង់​ផ្លូវ​មួយចំនួន ក្នុង​ភូមិ​ទាំង​៤ ប្រវែង​ពី​១០០​ម៉ែត្រ ទៅ​៣០០​ម៉ែត្រ ងាយស្រួល​សម្រាប់​ពួកគាត់​ធ្វើដំណើរ​។ និង​ផ្លូវ​មួយចំនួន សុំ​មាន​ការពង្រីក​បន្ថែម​ទៀត​ពី​ទំហំ​ផ្លូវ​ងាយស្រួល ពេល​ដែល​ជួប​គ្រោះអាសន្ន​អ្វីមួយ ដូចជា ករណី​អគ្គីភ័យ​ជាដើម ដែល​អាច​ធ្វើអោយ​រថយន្ត​អន្តរាគមន៍​មួយ​ចំនួន​អាច​ជួយសង្គ្រោះ​ទាន់ពេលវេលា ។​
​ ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​របស់​បងប្អូន​នេះដែរ លោក​ពេជ្រ កែវ​មុនី ក៏​បាន​ឡើង​លើ​វេទិការ ហើយ​ធ្វើ​ការបកស្រាយ និង​លើក​ឡើង​អំពី​ដំណោះស្រាយ​មួយចំនួន ជូន​ពួកគាត់ ។ លោក​អភិបាលខណ្ឌ​ក៏​បាន​បន្ត​ទៀត​ដែរ​ថា សម្រាប់​បញ្ហា​ផ្លូវថ្នល់​ដែល​មាន​ទំហំ​តូចចង្អៀត និង ការស្នើរ​សុំ​សាងសង់​ផ្លូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ នោះ លោក​នឹង​ធ្វើ​ការពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ និង​ធ្វើការ​ពិនិត្រ សិក្សា​អំពី​បទដ្ឋាន​ផ្លូវ​ទាំង​អស់នោះ​សិន ។ តែ​ទោះជា​យ៉ាងណា​លោក​ពេជ្រ កែវ​មុនី បាន​ទទួលយក​នូវ​បញ្ហា​ប្រឈម​របស់​បងប្អូន​ដែល​បាន​លើក រួម​ទាំង​ការស្នើរ​សុំ​មួយចំនួន ហើយ​លោក​នឹង​ផ្តាច់ជ្ញារ​ថា នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នា​ពេល​ឆាប់ៗ ខាងមុខ ជាមិនខាន ៕ លី​ហេង

image(2)

photo 1(6)

photo 5(2)

photo 4(4)

photo 3(3)