ចាប់ខ្លួនឪពុកនិងកូនរកស៊ីចែកចាយថ្នាំញៀន នៅស្រុកពញាឮ

ខេត្តកណ្តាល : បុរស២នាក់ឪពុក និងកូនត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកពញាឮសហការជាមួយប៉ុស្តិ៍រដ្ឋបាល ស្ទាក់ចាប់ខ្លួនរកឃើញថ្នាំញៀន៣ កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន សម្ភារៈសម្រាប់វិចខ្ចប់ និងសេព ថ្មាំញៀន ជាច្រើនទៀត ។
ករណីចាប់ខ្លួនជនសង្ស័យ២នាក់ ឪពុក កូននេះបានធ្វើឡើងនៅវេលាម៉ោង២,៣០នាទីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំនុចភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះតាន់ ទ្រី ភេទប្រុស អាយុ៥២ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិពោធិតូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ចំណែកកូនប្រុស មានឈ្មោះ តាន់ សីហា ហៅអាត្រេវ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅជាមួយគ្នា ។

លោកវរៈសេនីយ៍ទោ ដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់ btv news ថា អនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងមានការណែនាំបន្ថែមពីលោកវរៈសេនីយ៍ឯក ឈឿន សុចិត្ត ស្នងការរងទទួលការងារ គ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងនគរបាលស្រុក និងប៉ុស្តិ៍បានធ្វើការ តាមដានមុខសញ្ញាសង្ស័យគ្រប់ប្រភេទ ដូចជាមុខ សញ្ញាក្មេងទំនើង មុខសញ្ញា ចេញពីពន្ធនាគារ មុខសញ្ញាចោរកម្ម ពិសេសមុខ សញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀននៅក្នុងមូលដ្ឋាន ។ បន្ទាប់ពី ទទួលបាន ពត៍មាន កម្លាំងជំនាញ បានតាម ដាន មុខសញ្ញាសង្ស័យ ២ នាក់ ឪពុកនិងកូនជាយូរមកហើយ ។ ក្រោយមកសមត្ថកិច្ចកំណត់មុខសញ្ញាច្បាស់ទើបឈានដល់ការឃាត់ខ្លួនតែម្តងនៅគ្រាដែលជនសង្ស័យយកថ្នាំញៀនមកចែកចាយអោយអ្នកទិញប្រើប្រាស់ ។

លោកអធិការបានបន្តថា បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចរកឃើញថ្នាំញៀន៣កញ្ចប់តូច ហើយបន្តទៅឆែកឆេរ លំនៅដ្ឋានរបស់ជនសង្ស័យបន្ថែមទៀត ក្រោយពីមានការអនុញ្ញាតិពី លោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។ ក្នុងការឆែកឆេរលំនៅដ្ឋាននេះដែរ សមត្ថកិច្ច រកឃើញជញ្ជីងសម្រាប់ថ្លឹងថ្មាំញៀន១ អាវុធខ្លីសម្រាប់បាញ់គ្រាប់កង់១ដើម កូនថង់តូចៗសម្រាប់វិចខ្ចប់គ្រឿងញៀនចំនួន២៧០ថង់ , ដែកកេះ១០ , ឧបករណ៍ សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។ ចំពោះថ្នាំញៀនរកមិនឃើញទេ ដោយសារជនសង្ស័យលក់ចេញអស់ ។

លោកអធិការបានបន្តទៀតថា ជនសង្ស័យ២នាក់ឪពុក កូននេះគឺជា មុខសញ្ញារកស៉ីចែកចាយថ្នាំញៀយ៉ាសកម្មនៅមូលដ្ឋាន ហើយការបង្ក្រាបនៅពេលនេះទោះបីបានចំនួនតិច ប៉ុន្តែបានកាត់បន្ថយសកម្មភាពចែកចាយនិងប្រើប្រាស់ថ្នាំញៀន ដោយសារជនសង្ស័យទាំង២នាក់នេះគឺជាមុខសញ្ញាធំ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស

photo 2(10)

photo 1(10)