បើករថយន្តលឿនចាប់ហ្វ្រាំងមិនស៊ីជ្រុលបុកគូទ រថយន្តកាមរីឆ្លាមផ្លោងហោះឡើងទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ម៉ាកហ៊ីណូដឹកដីធុនធំមួយគ្រឿង ក្នុងល្បឿនលឿនចាបហ្វ្រាំង មិនស៊ីជ្រុលបុកពីក្រោយគូទរថយន្តកាមរីឆ្លាម ពីក្រោយពេញទំហឹងបណ្តាលអោយរថយន្តកាមរីឆ្លាម ត្រូវហោះផ្លោងឡើងទៅទុំលើរបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១១ និង ០០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្បែរនឹងរង្វង់មូលព្រះ នរាយ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលមានហេតុការណ៍កើតឡើង គឺគេសង្គេតឃើញបុរសម្នាក់បើករថយន្តដឹកដីធុនធំមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមក ដល់ចំណុចកើតហេតុ បុរសជាម្ចាស់រថយន្តបានបើកវ៉ារថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរនៅពីមុខ ខ្លួន ខណៈវ៉ា ផុតទៅហើយនោះស្រាប់តែវ៉ាក់អឺ ជាមួយនឹងរថយន្តកាមរីឆ្លាមមួយគ្រឿងផ្សេងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2J-7882 បើកបរដោយបុរសម្នាក់រួមដំណើរដោយជនជាតិចិន ២នាក់ ដែលជាភ្ញៀវ ក្នុងទិសដៅស្របគ្នា។ ខណៈនោះដោយសារតែភ័យស្លន់ស្លោរពេក ធ្វើអោយបុរស ជាអ្នកបើករថយន្តហ៊ីណូ បើកលឿនចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលបុកពីក្រោយគូទរថយន្តកាមរីឆ្លាមពេញ ទំហឹងតែម្តងទៅ បណ្តាលអោយរថយន្តកាមរីឆ្លាម ត្រូវហោះផ្លោងឡើងលើរបាំងថ្មពុះចែកទ្រូងតែម្តង ទៅ។ រីឯរថយន្តត្រូវរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ច ស្ទាក់ជាប់នៅនឹងកន្លែង កើតហេតុភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចុះអន្តរាគមន៍វាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ ។ គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ខាងលើនេះ គឺបង្កឡើងដោយសារបុរសជាម្ចាស់រថយន្តហ៊ីណូ បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នខ្ពស់ ទើបបណ្តាលអោយមានរឿងហេតុដូចនេះកើតឡើងតែម្តងទៅ។

ហើយសូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបណ្តាលអោយមាន មនុស្សណាម្នាក់រងរបួសឡើយ គ្រាន់តែខូចខាតនូវទ្រព្យសម្បត្តិតែប៉ុណ្ណោះ ៕ លីហេង

IMG_7860 IMG_7865 IMG_7872 IMG_7873 IMG_7874 IMG_7876 IMG_7877