ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ៣ នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿង

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន បី នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ចប្រឆាំងការជួញដូរគ្រឿងញៀន រាជធានីភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៥ កន្លងមក នៅព្រឹកថ្ងៃទី ២៩ ខែឆ្នាំ ដដែរ សមត្ថកិច្ចបានបង្ហាញមុខពួកគេ ក្រោយសមត្ថកិច្ចសាកសួរនឹងស្រាវជ្រាវឃើញថា អ្នកទាំង ៣ ជាមុខសញ្ញាចែកចាយ នឹងប្រើប្រាស់ថ្នាំញៀន ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី ១ ឈ្មោះ ឃុន សីុណា ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា ទី ២ ឈ្មោះ សំ តាន ភេទប្រុស អាយុ ២៩ ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងទី ៣ ឈ្មោះ នង ចាន់ឌុល ភេទប្រុសអាយុ ១៩ ឆ្នាំ ស្នាក់ នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ សមត្ថកិច្ចថា ក្នុងប្រតិបត្តិការណ៍ឃាត់ខ្លួនពួកគេ សមត្ថកិច្ចដកហូតបានថ្នាំញៀន ៩ កញ្ចប់តូច អាយឌី ( វិទ្យុទាក់ទង ) មួយគ្រឿង នឹង ទូរស័ព្ទដៃ ៣ គ្រឿង ម៉ូតូ ២ គ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនដំបូងសមត្ថកិច្ចបានស្រាវជ្រាវដឹងថា ឈ្មោះ ឃុន សីុណា កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅ ម្តុំសង្កាត់ទួលទំពូង ខណ្ឌចំការមន ទើបកម្លាំងសមត្ថកិច្ចដឹកនាំដោយស្នងការរង រួមជាមួយព្រះរាជអាជ្ញារង ចុះព័ទ្ធនឹងឆែកឆេរឃើញថ្នាំញៀន ក៏សម្រេចឃាត់ខ្លួនយកមកសួរនាំ រហូតឈានដល់ការតាមចាប់បានឈ្មោះ សំ តាន់ នៅកន្លែង មជ្ឈមណ្ឌលម៉ុងឌីយ៉ាល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។ ក្រោយឃាត់ខ្លួនអ្នកទាំងពីរ នេះបានហើយសមត្ថកិច្ចបានបន្តសួរនាំតាមជំនាញ់ ទើបឈានទៅឃាត់ខ្លួនឈ្មោះ នង ចាន់ឌុល ដែលកំពុងសម្ងំចែកចាយថ្នាំញៀន នៅផ្លូវលេខ ៦១០ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក ។
ក្រោយធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់នេះ សមត្ថកិច្ចបានរកថ្នាំញៀន ៩ កញ្ចប់ ដូច្នេះក៏សម្រេចកសាងសំណុំរឿងឃុំខ្លួនពួកគេទាំង៣ នាក់នៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ រង់ចាំបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕ ទុយ ម៉ែន

image