ឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស្ទូចត្រីនៅសង្កាត់ភ្នំពេញថ្មីឃាត់មនុស្ស១៤នាក់

​ភ្នំពេញ៖ទីតាំងបើកល្បែងស្ទូចត្រីមួយកន្លែងនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ​ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ​កម្លាំង​អាវុធ​ហត្ថមូលដ្ឋានខណ្ឌសែនសុខដោយមាន ការ ចូលរួមពីអយ្យការអមសាលាដំបូងរាជធា​នី​ភ្នំពេញ ឆ្មក់​ចុះបង្ក្រាប ក្នុងនោះឃាត់បានមនុស្សប្រុស ស្រី ១៤ នាក់ ។
​ហេតុការណ៍បង្ក្រាប កាលពីវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី២៦ ខែមករា ឆ្នា២០១៥ ផ្ទះលេខ៦៦ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​សមត្ថកិច្ចប្រាប់ថា ហេតុការណ៍បង្ក្រាបនេះដឹកនាំដោយលោក សៀង សុខ ព្រះរាជ​អាជ្ញា​រងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស សហការជាមួយ​កម្លាំង​អាវុធ​ហត្ថមូលដ្ឋានខណ្ឌសែនសុខ ជាលទ្ធផលឃាត់​បាន​មនុស្សប្រុស ស្រី ១៤នាក់ ម៉ូតូ ០២គ្រឿង ក្នុងនោះម៉ូតូ ម៉ាក សេ១២៥ សេរីឆ្នាំ ២០១៣ និង​ម៉ូតូ ម៉ាក គុប ០១​គ្រឿង​ផងដែរ ទូរហ្គេម ០១ទូរ និងសំភារះពាក់ព័ន្ធមួយចំនួនទៀត។

​សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថានៅក្នុង ចំណោមមនុស្សប្រុស ស្រីទាំង ១៤នាក់នោះ គឺ​មាន ០១ នាក់ ជាអ្នក​មើល​ការខុសត្រូវនៅក្នុងទីតាំងល្បែង និងម្នាក់ទៀត គឺជាម្ចាស់ទីតាំង ឈ្មោះ ឡង់ ស៊ីណា ភេទស្រី អាយុ៥១ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៦៦ ផ្លូវ៥៩៨ ក្រុម១ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ។

​សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងបន្តទៀតថា មនុស្សប្រុស ស្រី ទាំង ១៤នាក់ រួមទាំងវត្ថុ តាង ត្រូវបាននាំយកទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បី​ចាត់​ការ​តាមផ្លូវច្បាប់។ ជាមួយគ្នានេះមតិមហាជនក៏បានលើកឡើងឲ្យដឹងថា ល្បែងស្ទូចត្រីនេះ មិនមែន​មាន​តែ​​មួយកន្លែងនេះនោះទេ គឺនៅក្នុងខណ្ឌសែនសុខទាំងមូល កើតមានច្រើនកន្លែងណាស់ សូម សមត្ថកិច្ចចុះបង្ក្រាបឲ្យអស់ទៅ កុំទុកឲ្យនៅ នាំឲ្យក្រុមយុវជន ក្មេងៗ​លែង​ចូល​រៀន​អស់​ហើយ ដោយសារតែវក់និងល្បែងស្ទូចត្រីទាំងនេះ៕

 

image image ​​​